អាជ្ញាធរក្នុងតំបន់កំពុងតែប្រញាប់ប្រញាល់សំអាតឆ្នេរសមុទ្រភាគខាងកើតប្រទេសថៃ ដើម្បីកុំឲ្យប្រេងទាំងអស់នេះបំផ្លាញផ្កាថ្ម មច្ឆា និង រុក្ខជាតិផ្សេងៗក្រោមបាតសមុទ្រ។

មន្ត្រីជំនាញបានឲ្យដឹងនាថ្ងៃ អាទិត្យ ម្សិលម៉ិញថា ការលេចធ្លាយប្រេងនេះ បានហូររសាត់ឆ្ពោះទៅដល់លើឆ្នេរ និង ឆ្ពោះទៅកាន់ឆ្នេរសមុទ្រជាច្រើនទៀត ដែលបង្កឲ្យទឹក និង ខ្សាច់ប្រែទៅជាពណ៌ខ្មៅ។

រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និង បរិស្ថាន លោក វ៉ារ៉ាវុធ សីលប៉ា អាឆា (Varavut silpa-archa) មានប្រសាសន៍ថា ការសំអាត និង ទប់មិនឲ្យប្រេងហូរទៅឆ្នេរដ៏ទៃគឺជារឿងសំខាន់ណាស់ ព្រោះតំបន់ឆ្នេរមួយចំនួនដែលស្ថិតនៅភាគខាងកើតប្រទេសថៃភាគច្រើនគឺជា តំបន់កោះរមណីយដ្ឋានដ៏ពេញនិយម។

លោកបន្តថា ប្រេងបានចាប់ផ្ដើមលេចធ្លាយចេញពីបំពង់បង្ហូរប្រេងដែលគ្រប់គ្រងដោយក្រុមហ៊ុន Star Petroleum Refining Public Company Limited (SPRC) កាលពីថ្ងៃអង្គារ ហើយត្រូវបានគេគ្រប់គ្រងទៅវិញបានមួយថ្ងៃក្រោយមក បន្ទាប់ពីប្រេងសរុបប្រហែល ៥ម៉ឺនលីត្រ បានហៀរចេញទៅក្នុងផ្ទៃសមុទ្រ ចម្ងាយ ២០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតប្រទេសថៃ។ បុគ្គលិករបស់ក្រុមហ៊ុនប្រេងនេះ​ប្រមាណ ១៥០នាក់ និង កងទ័ពជើងទឹកថៃ ២០០នាក់ទៀត ត្រូវបានចាត់ទៅសំអាតឆ្នេរសមុទ្រនៅតំបន់កើតហេតុ ដើម្បីស្ដារស្ថានភាពឲ្យប្រសើរឡើងវិញ។

ជាមួយគ្នាឆ្នេរ ម៉ែរុំាំភឿង (Mae Ramphueng) ស្ថិតនៅក្នុងខេត្ត រ៉ាយ៉ង (Rayong) បានប្រកាសជាតំបន់រងគ្រោះ បន្ទាប់ពីប្រេងខ្លះបានហូរចូលច្រាំងកាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ក្រោយពីវាលាតសន្ធឹងលើផ្ទៃទឹក ៤៧គីឡូម៉ែត្រ នៅឈូងសមុទ្រប្រទេសថៃ៕

ប្រភព៖ CNA

Telegram-Troryorng
Share.