លោក អាបូហ្វាស សាប៊ើ ម៉ូខាទ្រី វ័យ ៥០ឆ្នាំ គឺជាបុរសជនជាតិអ៊ីរ៉ង់ម្នាក់មានសមត្ថភាពមិនធម្មតាអាចស្រូបទាញ ឬ ឆក់ស្លាបព្រាដែកចំនួន ៨៥ ជាប់នឹងរាងកាយ។

លោក ម៉ូខាទ្រី បានឲ្យដឹងថា លោកមានកំលាំងស្រូបទាញបែបនេះតាំងពីនៅកុមារភាពមកម្ល៉េស រហូតមកដល់បច្ចុប្បន្នលោកបានសាកល្បងធ្វើវា ដើម្បីបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស នៅទីក្រុង ការ៉ាច ប្រទេសអ៊ីរ៉ង់នេះតែម្ដង។

លោក ម៉ូខាទ្រីបានបន្ដថា វត្ថុអ្វីក៏ដោយក៏អាចឆក់មកជាប់រាងកាយរបស់លោកដែរ គឺមានដូចជា ប្លាស្ទិក កែវទឺក ផ្លែឈើ ថ្ម ឈើ ឬ សូម្បីតែមនុស្សពេញវ័យក៏អាចឆក់មកជាប់រាងកាយរបស់លោកដែរ។ លោកក៏បានបង្ហើបអាថ៌កំបាំងថា ក្រៅពីសមត្ថភាពដែលមានស្រាប់តាំងពីកុមារ លោកក៏មានសមត្ថភាពនិងទេពកោសល្យដ៏ចម្លែកនេះ ចេញពីការផ្ដោតអារម្មណ៍ដែរ។ អ្វីក៏ដោយអោយតែលោកគិត និង ផ្ដោតអារម្មណ៍ថាចង់បានវា នោះវានឹងស្រូបទាញ ឬ ឆក់មកលើរាងកាយរបស់លោកតែម្ដង។

នៅទីបំផុតលោកក៏បានបំបែកកំណត់ត្រាថ្មីលើកំណត់ត្រាចាស់ដោយជោគជ័យ ដោយកំណត់ត្រាចាស់ធ្លាប់បានទទួលដោយបុរសសញ្ជាត្តិអេស្ប៉ាញម្នាក់ដែលស្រូបឆក់ស្លាបព្រាដែកមករាងកាយបានចំនួន ៦៤ស្លាបព្រាប៉ុណ្ណោះ៕

ប្រភព៖ UPI

Telegram-Troryorng
Share.