ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច ឡោមព័ទ្ធចាប់ខ្លួនបាន ក្រោយពីនាំគ្នាទៅធ្វើសកម្មភាព លួចកាច់សោកម៉ូតូ ស្កុបពីមួយគ្រឿង បានសម្រេច កាលពី វេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។

ក្រោយធ្វើសកម្មភាព ជនសង្ស័យម្នាក់ជិះម៉ូតូស្កុបពីនិង ម្នាក់ទៀតបើកម៉ូតូកង់បីរត់ គេចខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋ ផ្អើលដេញតាម រហូតដល់ភូមិត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យបើកកង់បីលឿនជ្រុលទៅបុកសសររោង ហើយបន្តរត់ផ្លោះរបងឡើងហែកដំបូលផ្ទះក្បែរនោះ ចូលទៅសង្ងំក្នុងបន្ទប់។ពេលនោះ ទាំងពលរដ្ឋទាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឡោមព័ទ្ធ រហូតធាក់ទ្វារចូលចាប់ខ្លួនបាន ។

ជនសង្ស័យចាប់បានម្នាក់ឈ្មោះ ហួន វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ មានស្រុកកំណើតភូមិច្រណូក ឃុំ កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ដកហូតបានម៉ូតូកង់បីមួយគ្រឿងពណ៌ស ពាក់ស្លាកលេខកណ្តាល 1AP-0006ជាមធ្យោបាយរបស់ជនសង្ស័យ ។

ចំណែកជនរងគ្រោះ ឈ្មោះ កង សុភ័ស្ត ភេទ ស្រី អាយុ៣៨ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្នុងភូមិ ស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។ រីឯម៉ូតូដែលជនសង្ស័យលួច ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ភ្នំពេញ 1GU-8636 ត្រូវបានជនសង្ស័យម្នាក់ទៀតជិះយកទៅបាត់ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យ២នាក់ ជិះម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AP-0006 ដឹកគ្នា ទៅធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ម៉ាកស្កុបពី របស់ជនរងគ្រោះ នៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល បានសម្រេចហើយ ជនសង្ស័យម្នាក់ជិះរត់គេច ម្នាក់បើកម៉ូតូកង់បីរត់ដែរ តែត្រូវបានប្រជាពលរដ្ឋដេញតាម រត់ទៅ ដល់ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ទៅបុក សសររោង ទុកម៉ូតូកង់បីចោល បន្តរត់ផ្លោះរបង ឡើងទៅហែកដំបូលផ្ទះក្បែរនោះ ចូលសង្ងំក្នុងបន្ទប់ ដាក់គន្លឹះជាប់ពីក្នុង ធ្វើឲ្យប្រជាពលរដ្ឋ កាន់តែភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច ឡោមព័ទ្ធ អស់រយៈពេលជាង១ម៉ោង រហូតដល់ម្ចាស់ទៅដល់ ស្នើសុំឲ្យកម្លាំងសមត្ថកិច្ច មាន ចំណាត់ការ ធ្វើយ៉ាងណាចាប់ជនសង្ស័យចេញពីក្នុងផ្ទះគាត់ ទើបកម្លាំងសម្រុកចូល ធាក់ទម្លាយទ្វារចូលចាប់ខ្លួនបាននាំយកទៅប៉ុស្តិ៍ត្រពាំងក្រសាំងជាបណ្តោះអាសន្ន ។

ក្រោយពីចាប់ខ្លួនជនសង្ស័យម្នាក់ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបាន ប្រគល់ឲ្យ សមត្ថកិច្ចខណ្ឌកំបូលវិញ រួមជាមួយម៉ូតូកង់បីមួយគ្រឿង ដើម្បីបន្តសាកសួរនិងកសាង សំណុំរឿង ចាត់ការតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.