រឿង​រ៉ាវ​ប្ដឹងផ្ដល់​គ្នា​រវាង​ពិធីការិនី​វ័យ​ក្មេង​ ​កញ្ញា ​យូប៊ិ​ ​​និង​ ​លោក​ឧកញ៉ា​ ​ហេង​ ​សៀ​ ​បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ទាំង​មជ្ឈដ្ឋាន​មហា​ជន​ទូទៅ​ក៏​ដូច​ជា​នៅ​លើ​បណ្ដាញ​សង្គម​រហូត​មាន​អ្នក​សិល្បៈ​វ័យ​ក្មេង​ជា​ច្រើន​រូប​បាន​ចេញ​មុខ​មក​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​ពិធីការិនី​រូប​នេះ​។​​​ ​យ៉ាង​ណា​មិញ​បុគ្គល​ល្បី​មួយ​រូប​នៅ​ក្នុង​រង្វង់​សិល្បៈ​លោក​ ​ខាំ​​ ​ភូរិ​ ​ជា​អ្នក​ដឹកនាំ​ការ​សម្ដែង​ ​(Director)​ ​ក៏​បាន​ចេញ​មក​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​​ចម្រូងចម្រាស​ខាង​លើ​នេះ​ផង​ដែរ​។

សូម​ចុច​ត្រង់នេះ​៖ ​ពិធីការិនី​ ​MYTV​ មាន​ ​ពេជ្ររីតា​​ ​ប្ដឹង​បក​​ឧកញ៉ា​ ហេង​ ​សៀ​ ​ពី​បទ​ ​«​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​»​

​ក្រោយ​ពី​រឿងរ៉ាវ​ការ​ចោទ​ប្ដឹងផ្ដល់​គ្នា​ទៅវិញ​ទៅមក​រវាង​ពិធីការិនី​ប្រចាំ​កម្មវិធី​ ​Facebook Active​ ​និង​លោក​ឧកញ៉ា​​មាន​មុខ​មាត់​ម្នាក់​ក្នុង​សង្គម​ ​​ត្រូវ​​បាន​ចែក​រំលែក​គ្នា​យ៉ាង​គគ្រឹកគគ្រេង​នៅ​លើ​បណ្ដាញ​សង្គម​លោក​ ​ខាំ​ ​ភូរិ​ អ្នក​ដឹកនាំ​រឿងល្បី​​ «សិសិររដូវ​ក្នុង​បេះដូង​» ​ក្នុង​នាម​ជា​រៀម​ច្បង​នៅ​ក្នុង​រង្វង់​សិល្បៈ​មួយ​រូប​​នោះ​ បាន​បង្ហាញ​ពី​គំនិត​របស់​លោក​ផ្ទាល់​ថា​៖

​​​​​​​«​ខ្ញុំ​មិន​ដឹង​រឿង​លម្អិត​នៃ​រឿងរ៉ាវ​ទាំង​នេះ​ទេ​ ​ខ្ញុំ​ក៏​មិន​ដែល​ធ្លាប់​បាន​ធ្វើការ​ជាមួយ​ប្អូនស្រី​ដែល​ត្រូវ​​លោក​ឧកញ៉ា​ចោទ​ពី​រឿង​លួច​ទូរស័ព្ទ​ដៃ​នោះ​ទេ​។​ ​តែ​ក្នុង​នាម​ជា​សិល្បករ​ដូច​គ្នា​​​ ​ខ្ញុំ​សុំ​បញ្ចេញ​យោបល់​ផ្ទាល់​ខ្លួន​បន្តិច​ចុះ​។​ ខ្ញុំ​មិន​បាន​មើល​ពាក្យ​បណ្តឹង​របស់​លោក​ឧកញ៉ា​ទេ​ តែ​តាម​ចំណង​ជើង​សារព័ត៌មាន​ ​អាន​រួច​វា​ដូច​ជា​ហួស​ចិត្ត​។​ ​ដោយ​ឡែក​ខ្ញុំ​បាន​អាន​ពីរបី​ដង​នៃ​ពាក្យ​បណ្តឹង​ប្អូន​ស្រី​​ ​ដែល​ប្តឹង​បក​ទៅ​វិញ​​ ​ខ្ញុំ​អាច​សន្និដ្ឋាន​ដោយ​ខ្លី​បាន​ថា​​ វា​មាន​រឿងរ៉ាវ​ស៊ី​ជម្រៅ​ជាង​នេះ​​ គឺ​ជាង​រឿង​លួច​ទូរស័ព្ទ​ដៃ​ដែល​ជា​អង្គហេតុ​ក្នុង​ការ​ចោទ​ប្រកាន់​។​

​សម័យ​នេះ​ហើយ​​ នៅ​តែ​ប្រើ​ទឹក​លុយ​​​ បំផ្លាញ​ក្តី​ស្រឡាញ់​​ ​និង​បេះដូង​អ្នក​តូច​ទាប​ជាង​ខ្លួន​បាន​ដោយ​ទង្វើ​ស្មោកគ្រោក​​ទៅ​កើត?​ យើង​មាន​ម្តាយ​​ ​មាន​ភរិយា​ ​ឬ​អាច​មាន​បងប្អូន​ ​និង​កូន​ជា​នារី​​​ យើង​គួរ​ស្គាល់​ពី​តម្លៃ​​ ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ទូទៅ​។​ តើ​ការ​បំពារបំពាន​ទាំង​នេះ​ វា​ប្រៀប​បាន​ដូច​ទៅ​នឹង​ការ​បំពាន​សាច់ញាតិ​ខ្លួន​ឯង​ដែរ​ទេ​?​ សង្ឃឹម​ថា​ប្អូនស្រី​នឹង​​​ ​ត្រូវ​បាន​ជួយ​ដោយ​មនុស្ស​​មាន​គុណធម៌​​​ ក្នុង​សង្គម​ជឿនលឿន​មួយ​នេះ​ក្នុង​ពេល​ដ៏​ខ្លី​។»

សំណេរ​របស់​លោក​ ​​ខាំ​ ភូរិ​ ​នេះ​គឺ​ធ្វើ​ឡើង​ស្រប​ពេល​​ដែល​តារា​ល្បី​ៗ​ជា​ច្រើន​ ក៏​ដូច​ជា​សាធារណជន​មាន​ការ​​កំពុង​តែ​ផុសផុល​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គមដើម្បី​សុំ​ឱ្យ​មាន​ការ​ដោះលែង​កញ្ញា​ មាន ពេជ្ររីតា​ចេញ​ពីការ​ឃុំឃាំង​៕​​

Share.