សហព័ន្ធ​កីឡា​បាល់ទះ​ថៃ បាន​ប្រកាស​នៅ​ថ្ងៃ​ទី១២ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​បាន​នឹង​មិន​បញ្ជូន​ក្រុម​​បាល់ទះ​ក្នុង​សាល​នារី​ជម្រើស​ជាតិ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ពិភពលោក 2021 FIVB Volleyball Women’s Nations League ដែល​នឹង​ធ្វើ​ឡើង​​នៅ​ទីក្រុង​ Rimini ប្រទេស​អ៊ីតាលី នៅ​ចុង​ខែ​ឧសភា ខាង​មុខ​នេះ​ដោយ​សារ​តែ​ស្ថានភាព​នៃ​ជំងឺ​កូវីដ។

បើតាម​លិខិត​ផ្លូវការ​ដែល​បង្ហោះ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​នេះ សហព័ន្ធ​កីឡា​បាល់ទះ​ថៃ បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ទី១០ ឧសភា មាន​មន្ត្រី​​ជំនាញការ​កីឡា​ចំនួន​៤នាក់​រក​ឃើញ​ថា​​​មាន​ផ្ទុក​ជំងឺ​​កូវីដ-១៩ ហើយ​នៅ​ថ្ងៃ​ទី១១ ខែ​ឧសភា មាន​ការ​យក​សំណាក​តេស្ត​កូវីដ-១៩ ដល់​អ្នក​ពាក់ព័ន្ធ​ក្នុង​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​នារី​ថៃ​ទាំង​អស់។ នៅ​ថ្ងៃ​ទី១២ ខែ​ឧសភា លទ្ធផល​​នៃ​ការ​ធ្វើតេស្ត​ចេញ​ជា​ផ្លូវការ ដោយ​​​វិជ្ជមាន​២២នាក់ ក្នុង​ចំណោម​សមាជិក កីឡា​ការិនី និង​គ្រូបង្វឹក​ទាំង ​៣៧នាក់ ទាំង​អ្នក​ទាំង​នោះ​​មិន​មាន​រោគសញ្ញា​កូវីដ-១៩ នៅ​ខាង​ក្រៅ​​នោះ​ទេ។

ដូច្នេះ​ហើយ​សហព័ន្ធ​កីឡា​បាល់ទះ​​ថៃ បាន​ធ្វើ​លិខិត​ស្នើសុំ​ទៅ​កាន់​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ដើម្បី​ដកខ្លួន​​ចេញ​ពី​ 2021 FIVB Volleyball Women’s Nations League ដែល​នៅ​សល់​​ប្រហែល​តែ​២​សប្ដាហ៍​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖រាជិនី​​បាល់ទះ​ថៃ Ajcharaporn Kongyot ចុះ​កុងត្រា​លេង​ឱ្យ​ក្លិប​​នៅ​លីគ​ទួរគី

​សូម​បញ្ជាក់​ថា​ពានរង្វាន់​ 2021 FIVB Volleyball Women’s Nations League រៀបចំ​ពី​ថ្ងៃ​ទី​​២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​មាន​ក្រុម​ចូលរួម​ចំនួន​១៦ក្រុម​មក​ពី​៤ទ្វីប។ ក្រុម​ដែល​ចូលរួម​មាន​ប្រេស៊ីល ចិន អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហុល្លង់ រុស្ស៊ី សែប កូរ៉េខាងត្បូង ទួរគី អាមេរិក បែលហ្សិក កាណាដា​ ដូមីនីកា និង​ប៉ូឡូញ ខណៈ​ថៃ​ សុំ​ដក​ខ្លួន។ នៅ​ពេល​​នេះ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ​ មិន​ទាន់​កំណត់​ថា​នឹង​យក​ក្រុម​ប្រទេស​ណា ដាក់​ជំនួស​ក្រុម​ថៃ នៅ​ឡើយ​ទេ៕

Share.