​នៅ​ក្នុង​កិច្ចប្រជុំគណៈអចិន្ត្រយ៍ តាម​ប្រព័ន្ធ​អនឡាញ កាល​ពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ២០២១ ដឹកនាំ​ដោយ​ឯកឧត្តមបណ្ឌិត ថោង ខុន អនុ​ប្រធាន​អចិន្ត្រយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី៣២ ឆ្នាំ២០២៣ (CAMSOC) បាន​កំណត់​ជ្រើសរើស​ទីតាំង​នៃ​ទីលាន​ប្រកួត​នៅ​រាជធានី-ខេត្តចំនួន៥ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

បើតាម​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់​ថា​​រាជធានី-ខេត្ត​ទាំង​៥​នេះ ​មាន​ដូចជា​រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប និងខេត្តកំពត ដែល​ត្រូវ​បាន​កំណត់​រួច​​មក​ហើយ​ ក្នុង​គណៈអចិន្ត្រៃយ៍ ប៉ុន្តែ​ត្រូវ​តែ​គោរពស្នើសុំការសម្រេចពីសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានCAMSOC ​ជា​មុន​សិន​ទើប​ផ្លូវការ។

នៅក្នុងកិច្ចប្រជុំនេះគឺផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន២៖
ទី១-ការកំណត់ទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡា៤០ប្រភេទត្រូវកំណត់ទីតាំង
ទី២-ពិភាក្សាពីកម្មវិធីលម្អិត សម្រាប់ពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ​ក្នុង​រាជធានីភ្នំពេញ។

មន្រ្តី​ជំនាញ​ខាង​លើ​បន្ថែម​ថា​ការ​កំណត់​ទីលាន​ប្រកួត​នេះ​ត្រូវ​បាន​សហព័ន្ធកីឡាជាតិ​ភាគ​ច្រើន​បាន​ឯកភាព និងយល់​ស្របទៅនឹងការរៀបចំទីលានប្រកួតរបស់គណៈកម្មការទីលាននៃCAMSOC លើកលែងតែខេត្តកំពត ដែលគ្រោងរៀបចំការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ ត្រូវបានសហព័ន្ធស្នើសុំឲ្យគណៈកម្មការជំនាញចុះពិនិត្យទីតាំងថ្មី នៅជាយក្រុងភ្នំពេញ។

អត្ថបទពាក់ព័ន្ធ៖ការ​វិវត្ត​​ត្រឹម​ពេល​នេះ​​នៃ​​ផែនការ​ស៊ីហ្គេម​២០២៣ ទាំង​​ធនធាន​មនុស្ស​និង​ហេដ្ឋារចនាសម្ព័ន្ធ

ដោយ​ឡែក​ខេត្តសៀមរាប ត្រូវបានជ្រើសរើសសម្រាប់រៀបចំការប្រកួតប្រណាំងកង់, ខេត្ត​ព្រះសីហនុ រៀបចំការប្រកួតម៉ូតូទឹក និងកីឡាទូកក្ដោង, ហើយខេត្តកែប ត្រូវប្រកួតទ្រីយ៉ាងត្លុង រីឯ​ខេត្តកំពត គឺត្រៀមការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ (មិនទាន់សម្រេចទេ)។

ចំណែកប្រភេទកីឡាភាគច្រើន ត្រូវប្រកួតនៅរាជធានីភ្នំពេញ ពិសេសនៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ និងពហុកីឡដ្ឋានជាតិ។

ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការ អាស៊ានប៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានេះ គឺនៅសល់ពេលជិត២ឆ្នាំប៉ុណ្ណោះ ខណៈ​ពិធីបើក​ផ្លូវការ​កីឡា​ស៊ីហ្គេម​នឹង​ធ្វើ​ឡើង​នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទពាក់ព័ន្ធ៖រវាង​សៀមរាប កែប ព្រះសីហនុ នឹង​ជ្រើស​​មួយ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ផ្នែក​កីឡា​ទោចក្រយាន​

ប្រភព៖Sea Games 2023

Share.