លោក វណ្ណដា ( Vann Da ) ដែលមហាជន និងហ្វេនអ្នកគាំទ្រស្គាល់ថាជាតារាចម្រៀងរ៉េប ក៏ជា Producer បានចូលប្រឡូកសិល្បៈតាំងពីឆ្នាំ២០១៦ មុនចូលជ្រកក្រោមផលិតកម្មបារមី។ រហូតមកទល់ខែទី២នៃឆ្នាំ២០២២នេះ ប្រជាប្រិយភាពរបស់លោកកាន់តែឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដល់ថ្នាក់មានមតិជាច្រើនលើកឡើងថា លោកនឹងមិនងាយធ្លាក់កូដនេះទេ។ ការជោគជ័យរបស់តារាចម្រៀង វណ្ណដា ធ្វើឱ្យមើលឃើញពីលទ្ធផលនៃការតស៊ូរបស់លោក ហើយថ្មីៗនេះសារព័ត៌មានត្រយងបានទទួលដំណឹងថា លោកក៏បានទទួលតំណែងធំមួយជាលើកដំបូង ដែលកន្លងមកលោកស្រម៉ៃចង់ទទួលការងារមួយនេះ។ តើតំណែងនោះជាអ្វី? មានមូលហេតុអ្វីជំរុញចិត្តឱ្យលោកទទួលការងារនេះ?

តាមការប្រកាសដំណឹងនៅលើហ្វេសប៊ុករបស់ លោក វណ្ណដា បានឱ្យដឹងថា លោកមានចក្ខុវិស័យក្នុងការជម្រុញវិស័យកម្សាន្ដនៅប្រទេសកម្ពុជាយើងឱ្យឡើងទៅកាន់កម្រិតបន្ទាប់ទៀត ជាពិសេសគោលដៅរបស់លោកចង់ផ្តល់ឱ្យមហាជននូវបទពិសោធន៍នៃការប្រគំតន្ត្រី និងវីដេអូចម្រៀងដែលមិនធ្លាប់មានពីមុនមក។ តាមសំណេរដ៏ពិសេសនេះដែលលោកបានប្រាប់ទៅកាន់មហាជន គឺជាហេតុផលចំបងដែលធ្វើឱ្យក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស (Hanuman Beverages) ដែលជាតំណែងធំដំបូងលោកបានទទួលនាដើមឆ្នាំ២០២២នេះ។

ចំពោះការទទួលតំណែងថ្មីនេះ គេក៏ឃើញមានការសាទរពីសំណាក់ហ្វេនជាច្រើននាក់ទៀតផងដែរ។ យ៉ាងណាមិញ លោក វណ្ណដា មិនបានបញ្ជាក់ឱ្យអ្នកគាំទ្រដឹងថា លោកទទួលការងារនេះក្នុងរយៈពេលប៉ុន្មានឆ្នាំនោះទេ ព្រមទាំងតម្លៃខ្លួនរបស់លោកក៏មិនមានការបង្ហើបឱ្យដឹងផងដែរ។

ជាការពិតណាស់ នៅក្នុងដួងចិត្តយុវវ័យ គេចាត់ទុកលោក វណ្ណដា ជានិមិត្តរូបនៃចម្រៀងរ៉េបខ្មែរមួយរូប (Idol​) រាល់បទពិសោធន៍លើវិស័យអាជីវកម្មតន្រ្តីលោកដើរតួនាទីសំខាន់ក្នុងនាមជាផលិតករ។ មកទល់ពេលនេះលោកបានបោះជំហ៊ានជាតារាចម្រៀងអាជីពដ៏កំពូល និងមានភាពឆ្លាតវ័យខ្ពស់ម្នាក់ក្នុងចំណោមវិស័យតន្ត្រីនាពេលបច្ចុប្បន្ន។ វិស័យចម្រៀងខ្មែរកាន់តែដើរទៅមុខ ហ្វេនអ្នកគាំទ្រកាន់តែមានជម្រើសច្រើន និងសេរីភាពពេញលេញ ដើម្បីគាំទ្រតារារូបណាដែលពួកគេស្រឡាញ់ចូលចិត្ត។ រាល់បទចម្រៀងល្បីៗរបស់លោក មិនត្រឹមតែជះឥទ្ធិពលលើសាមីខ្លួនលោកនោះទេ តែនឹងជះឥទ្ធិពលជារួមដល់ភាពជាគំរូដល់ហ្វេនៗរបស់លោកគ្រប់ៗគ្នាតែម្តង។ នៅក្នុងឆ្នាំ២០២០ លោក វណ្ណដា បានទទួលពានរង្វាន់ធំៗចំនួន២គឺ Best Male Artist of The Year និង Best Music Performance of The Year៕

Telegram-Troryorng
Share.