ភ្នំពេញ ៖ រថយន្ត RANGE ROVER មួយគ្រឿងបើកបរដោយបុរសជនជាតិចិន ស្រវឹងស្រាបើកបោះពួយល្បឿនលឿន រេចង្កូតចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកជាមួយម៉ូតូកង់បី ច្រាសទិស ក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ម្នាក់ ហើយបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម ទើបអស់ល្បឿន ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ១ ចំណុចភ្លើងស្តុប កែងផ្លូវ១១៤ ថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-9110 បើកបរដោយបុរសជនជាតិចិន ប្រើប្រាស់គ្រឿងស្រវឹង បើកពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុ រេចង្កូតចូលគន្លងផ្លូវម្ខាងទៀត ជ្រុលបុកជាមួយម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1M-9900 កំពុងបើកច្រាសទិសគ្នា បណ្តាលឲ្យក្រឡាប់ រងរបួសធ្ងន់ម្នាក់ រថយន្តមិនទាន់អស់ល្បឿន បោលជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម ទើបឈប់ស្ងៀម ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកមធ្យោបាយ ទាំង២គ្រឿង រងខូចខាតធ្ងន់ រួមទាំងអ្នកបើកបរផង ប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុង វាស់វែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ៕

Share.