ភ្នំពេញ ៖ បទល្មើសលទចកាច់ ដោះ ស្លាកលេខរថយន្ត កើតមានសុឹងរាល់ថ្ងៃទៅហើយ ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ ដោយជនសង្ស័យលួចដោះយកតែស្លាកលេខ ក្នុងនោះគិតត្រឹមសប្តាហ៍ទី៤ ចុងខែមករា ឆ្នាំ២០២២ ជនសង្ស័យធ្វើសកម្មភាពលួចស្លាកលេខរថយន្ត ចំនួន៥គ្រឿង នៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ។

ចំពោះសប្តាហ៍ទី១ ដើមខែកុម្ភៈនេះ រថយន្តស្តារិចមួយគ្រឿង ត្រូវបានជនសង្ស័យលួចស្លាកលេខ ទាំងមុខក្រោយ យកទៅបាត់ ម្ចាស់ភ្ញាក់ពីដេក ទើបស្រឡាំងកាំង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ខាងលិចជាប់ប៉ុស្តិ៍នគរបាលចោមចៅទី៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

រថយន្តដែលជនសង្ស័យលួចស្លាកលេខ ម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC-3687 ម្ចាស់អ្នកបើកបរឈ្មោះ សែម វឌ្ឍនៈ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បើកបររថយន្តក្រុមហ៊ុន ស្នាក់នៅកន្លែងកើតហេតុ មានទីលំនៅ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

តាមសម្តីម្ចាស់អ្នកបើករថយន្ត បានឲ្យដឹងថា រាល់ថ្ងៃ យប់ រថយន្តចតទុកមុខផ្ទះ ស្រាប់តែនៅព្រឹកនេះ ភ្ញាក់ពីដំណេករៀបបើករថយន្តទៅក្រុមហ៊ុន ស្រាប់ជនសង្ស័យលួចដោះ កាច់ ស្លាកលេខរថយន្តបាត់អស់ ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថា បទល្មើសលួចដោះ កាច់ យកស្លាកលេខ រថយន្ត កើតឡើងក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ សុឹងតែរាល់ថ្ងៃទៅហើយ គ្រាន់តែកាលពីសប្តាហ៍កន្លងទៅ ជនសង្ស័យលួចស្លាកលេខរថយន្តចំនួន៥គ្រឿង នៅទីតាំងតែមួយ ក្នុងសង្កាត់ចោមចៅទី២  សង្ឃឹមថាសមត្ថកិច្ចស្រាវជ្រាវតាមចាប់ ជនសង្ស័យជំនាញខាងលួចស្លាកលេខ មកផ្តន្ទាទោសតាមច្បាប់ ៕

Share.