ក្រុម​បាល់ទាត់​ហ្វូតសាល​​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​ពានរង្វាន់​ហ្វូតសាល​ប្រចាំ​​ទ្វីប​អឺរ៉ុប UEFA Futsal Euro 2022ក្រោយ​យក​ឈ្នះ​​លើ​ក្រុម​រុស្ស៊ី ដោយ​លទ្ធផល ៤ទល់២ នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​ទីលាន Ziggo Dome ក្នុង​ទីក្រុង Amsterdam ប្រទេស​ហុល្លង់។

ពានរង្វាន់​ UEFA Futsal Euro 2022 មាន​ក្រុម​ចូលរួម​ចំនួន​១៦ ចែក​ជា​​៤ពូល ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​​១៩ ខែ​មករា ដល់​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដោយ​ធ្វើ​ឡើង​២​ទីក្រុង ក្នុង​ប្រទេស​ហុល្លង់ ស្រប​ពេល​ការ​ប្រកួត​សរុប​មាន​៣០ប្រកួត។ ជា​លទ្ធផល​​ជើង​ឯក​បាន​ទៅ​ព័រទុយហ្គាល់ ជើង​ឯក​រង​គឺ​រុស្ស៊ី ហើយ​អេស្ប៉ាញ ឈ្នះ​មេដាយ​សំរឹទ្ធ។

ក្នុង​ចំណោម​៣០ប្រកួត​សរុប ក្រុម​នីមួយៗ​ទាត់​ចូលទី​គូ​ប្រកួត​ទៅ​វិញ​ទៅ​មក​ចំនួន​១៦២គ្រាប់ ខណៈ​កីឡាករ​កាហ្សាក់ស្ថាន Birzhan Orazov ជា​ម្ចាស់​ស្បែកជើង​មាស ក្រោយ​ទាត់​ចូល​ទី​គូ​ប្រកួត​បាន​៧គ្រាប់​ច្រើន​ជាង​គេ ហើយ​កីឡាករ Zicky Té របស់​ព័រទុយហ្គាល់ ជា​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍។

នេះ​ជា​លើក​ទី២ហើយ ដែល​ព័រទុយហ្គាល់ ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​ប្រចាំ​ទ្វីប​នេះ ក្រោយ​បង្កើត​ឡើង​រាល់​២ឆ្នាំ​ម្តង គិត​ចាប់​ពី​ឆ្នាំ​១៩៩៦មក ខណៈ​ការ​ឈ្នះ​ដំបូង​គឺ​នៅ​ឆ្នាំ​២០១៨ ហើយ​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់​នេះ​បាន​ច្រើន​ជាង​គេ​គឺ​អេស្ប៉ាញ ពោល​គឺ​រហូត​ដល់​៧ដង៕

វីដេអូហាយឡាយ​នៃការប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ព័រទុយហ្គាល់ ជាមួយ​រុស្ស៊ី៖

https://www.youtube.com/watch?v=F1nL5iIckzk
Telegram-Troryorng
Share.