គ្រាន់​តែ​តារា​ចម្រៀង​និង​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះ​ លោក​ ទ្រី សក្កដា ហៅ​ Ah Da Sakada បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​ជា​មួយ​នឹង​លោក​ សែម ឡង់ឌី​ ហៅ​ Peypey Dy នៅ​លើ​បណ្ដាញ​សង្គម​ភ្លាម​ ស្រាប់​តែ​ផ្ទុះ​​ Comment ​ឆ្លើយ​តប​ពី​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ដូច​គ្នា​​។

​លោក​ ទ្រី សក្កដា បាន​បង្ហោះ​សំណេរ​ចែក​រំលែក​ដំណឹង​ល្អ​ជូន​ដល់​អ្នក​គាំទ្រ​ដែល​ស្រលាញ់​ចូលចិត្ត​សំឡេង​លោក​និង​មិត្ត​សម្លាញ់​​ Peypey Dy​ ​បានដឹង​ថា​​​ពួក​លោក​ត្រៀម​ចេញ​បទ​ចម្រៀង​សម្រាប់​អបអរសាទរ​ទិវា​នៃ​ក្ដី​ស្រលាញ់​ ១៤ កុម្ភៈ​ ឆ្នាំ​២០២២ ខាង​មុខ​នេះ​។

លោក​បាន​រៀប​រាប់​នៅ​ក្នុង​សំណេរ​នោះ​​យ៉ាង​ដូច្នេះ​៖ «រួចរាល់​សម្រាប់​ថ្ងៃ​នេះ​! ​ឆ្នាំ​នេះ​មាន​អ្វី​ប្លែក​សម្រាប់​ 14 ​កុម្ភៈ​? ​នឹក​ពួក​យើង​អត់​ We’re back​»

កន្លង​មក​លោក​ ទ្រី សក្កដា និង​លោក សែម ឡង់ឌី តែងតែ​មាន​បទ​ចម្រៀង​ចេញ​ជូន​មិត្ត​អ្នក​ស្ដាប់​របស់​ខ្លួន​នៅ​រាល់​ទិវា​នៃ​ក្ដីស្រលាញ់​ជា​និច្ច​ ដែល​បទ​ទាំង​នោះ​មាន​ដូច​ជា​៖ «ទិញ​ផ្កា​ជូន​ខ្លួន​ឯង»,«អត់​គូ​អត់​លិឍ​»,«ស្រលាញ់​ខ្លួន​ឯង​»,​ «Best Friends»,និង​បទ​ «ស៊ូអត់​ Solo Valentine»។

ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ហ្វេន​ៗ​របស់​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ក្ដី​រំភើប​រីករាយ​និង​អន្ទះសារ​ចង់​ស្ដាប់​និង​ទស្សនា​បទ​ចម្រៀង​ថ្មី​របស់​អ្នក​ទាំង​ពីរ​សឹង​តែ​គ្រប់​គ្នា​។

គិត​​មក​ដល់​បច្ចុប្បន្ន​លោក​ ទ្រី សក្កដា និង​លោក​ Peypey Dy បាន​ចេញ​បទ​ចម្រៀង​គ្នា​ចំនួន​៥​បទ​ហើយ​​ បើ​បូក​សរុប​ទាំង​បទ​ចម្រៀង​ថ្មី​ត្រៀម​ចេញ​នេះ​ទៀត​គឺជា​បទ​ចម្រៀង​ទី៦​ដែល​ជា​ស្នាដៃ​ច្រៀង​រួម​គ្នា​រវាង​អ្នក​ទាំង​ពីរ​៕

Telegram-Troryorng
Share.