សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចដកតំណែងអគ្គនាយករងនៃ អគ្គនាយកដ្ឋាន ពន្ធនាគារ១រូបក្រោយផ្ទុះរឿងអាស្រូវឆបោកប្រាក់៧ម៉ឺនដុល្លារសហរដ្ឋ អាមេរិកកាលពី ឆ្នាំកន្លងទៅ។

យោងតាមអនុក្រឹត្យស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការបានបញ្ជាក់ថា ត្រូវបានផ្ទេរភារកិច្ចលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អ៊ិន រស្មីឫទ្ធាពីអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួង មហាផ្ទៃមកជាទីប្រឹក្សាក្រសួងមហាផ្ទៃមានឋានៈស្មើអគ្គនាយករង។

លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា អគ្គនាយករងពន្ធនាគារ រងបណ្តឹងពាក់ព័ន្ធនឹងករណី ឆបោក ប្រាក់ជាង៧ម៉ឺនដុល្លារ តាមរូបភាពរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិតែ មិនបាន សម្រេចដែលប្តឹងដោយឈ្មោះលៀង សៀវគួង អាយុ៣៥ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ។

យោងតាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា អគ្គនាយករងពន្ធនាគារ បានអះអាងថា ក្រសួងមហាផ្ទៃត្រូវ ការជ្រើសរើសក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២០ ជាច្រើននាក់ ហើយជន រងគ្រោះក៏បានទំនាក់ទំនងជាមួយ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា ថា បើមានការ ជ្រើសរើសមែននោះជនរងគ្រោះនឹងមានបងប្អូនមិត្តភក្តិចំនួន៧នាក់ដែលពួកគាត់ចង់ចូលបម្រើការងារក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា តម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់១ម៉ឺនដុល្លារដើម្បីយកទៅធ្វើបែបបទជូនថ្នាក់លើឲ្យចូលក្របខ័ណ្ឌពេញសិទ្ធ ដោយ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា បានសន្យាថា ក្របខ័ណ្ឌនេះរយៈពេល ២ទៅ៣ខែបានចូលក្របខ័ណ្ឌពេញសិទ្ធហើយ ។

ក្រោយពីស្ដាប់ការអះអាងរបស់លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា រួចហើយ ជនរងគ្រោះបានប្រមូលលុយពីបងប្អូនមិត្តភក្តិទាំង៧នាក់នេះ យកទៅឲ្យ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា ដែលក្នុងកិច្ចសន្យាទទួលប្រាក់ដោយមានស្នាមមេដៃ របស់លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នាផងដែរ ។

ពាក្យបណ្ដឹងដដែលនោះរៀបរាប់ថា ដោយលោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា បានធានា អះអាងថាគាត់មានឋានន្តរស័ក្តិផ្កាយ៣ ពេលនោះជនរងគ្រោះ បានប្រគល់ លុយឲ្យលោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា ចំនួន៧ម៉ឺនដុល្លារ ដោយ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា សន្យាថា បើរត់ការមិនបានគាត់នឹងឲ្យប្រាក់គ្រប់ចំនួនវិញដោយគ្មាន បាត់មួយរៀលឡើយ៕

Share.