កន្លងមកប្រទេសចិនធ្លាប់បានបង្អាក់ការនាំចេញនាំចូលទំនិញរវាងព្រំដែនចិន-វៀតណាម រួចមកហើយ ខណៈដែលបច្ចុប្បន្នប្រទេសចិនសម្រេចបិទទីក្រុមមួយចំនួននៅជិតព្រំដែនវៀតណាម ព្រោះតែស្ថានភាពនៃការឆ្លងរីករាលដាលវីរុសកូវីដ១៩ និង វីរុសបំប្លែងថ្មី Omicron។

អាជ្ញាធរនៃទីក្រុង បៃសឹ (Baise) ភាគត្បូងប្រទេសចិន បានបញ្ជាឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងផ្ទះចាប់ពីថ្ងៃច័ន្ទ ទី ០៧ ខែ​ កុម្ភៈ ឆ្នាំ២០២២ នេះតទៅ ហើយចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ខណៈដែលប្រទេសចិនកំពុងអនុវត្តការទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលវីរុសនេះក្នុងតំបន់។

ទីក្រុង បៃសឹ មានប្រជាជនរស់នៅប្រហែល ៣.៦លាននាក់ ហើយក៏ជាតំបន់ដែលស្ថិតនៅក្បែរព្រំដែនប្រទេសវៀតណាម និងជាតំបន់ដែលផ្ទុះការឆ្លងរាលដាលយ៉ាងគំហុកផងដែរ។ កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់នេះចាប់ផ្ដើមអនុវត្តអំឡុងពេលនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលចាប់ផ្ដើមកាលពីថ្ងៃសុក្រ ទី ០៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០២២។

ទន្ទឹមគ្នានេះដែរ ទូរទស្សន៏រដ្ឋចិនបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋគួរតែស្នាក់នៅក្នុងផ្ទះ លើកលែងតែការធ្វើដំណើរទៅទិញសម្ភារៈសំខាន់ៗ ឬ ក៏ទៅធ្វើតេស្ដរកមេរោគកូវីដ១៩ តែប៉ុណ្ណោះ។ លើសពីនេះរដ្ឋាភិបាលប្រទេសចិន បានលើកទឹកចិត្តឲ្យជ្រើសរើសការដឹកជញ្ជូន ជាជាងការទៅទិញទំនិញដោយផ្ទាល់ ដើម្បីកាត់បន្ថយការជួបជុំ។ អាជីវកម្មដែលមិនសំខាន់ សាលារៀន និងការពន្យាពេលនៃការបើកច្រកចេញចូលនៅតាមព្រំដែនអន្តរជាតិរវាងប្រទេសទាំង២ នៅមិនទាន់ឲ្យដំណើរការនៅឡើយដែរ។

គិតត្រឹមថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដថ្មីៗ ក្នុងស្រុកចំនួន ៧៩នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងចំនួន ១០ម៉ឺន៦ពាន់៤រយ១៩ករណី និង ចំនួនអ្នកស្លាប់សរុប ៤ពាន់៦រយ៣៦នាក់៕

ប្រភព៖ CNA

Telegram-Troryorng
Share.