បាត់ដំបង៖ សមត្ថកិច្ចជំនាញស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជួនជនសង្ស័យចំនួន ៣នាក់ទៅតុលាការ ក្រោយនាំគ្នាជិត ០៩នាក់ធ្វើសកម្មភាពយកដុំថ្ម ពូថៅ កាំបិត គប់ និងកាប់លើជនរងគ្រោះយ៉ាងព្រៃផ្សៃបណ្តាលឲ្យស្លាប់។

នគរបាលបានប្រាប់ឲ្យដឹងថា កម្លាំងការិយាល័យជំនាញនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានរៀបចំសំណុំបែបបទតាមនីតិវិធីដោយបញ្ជូនជនសង្ស័យចំនួន ៣នាក់ទៅកាន់សាលាដំបូងខេត្តបាត់ដំបងដើម្បីវិនិច្ឆ័យទោសក្រោយនាំបក្សពួកជិត ១០នាក់បង្កហិង្សាដោយចេតនាស្ទាក់ចាំគប់ និងកាប់ជនរងគ្រោះពេញដងខ្លួនបណ្តាលឲ្យស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

មុខសញ្ញាល្មើសច្បាប់ខាងលើឈ្មោះយ៉ាង សុខចាន់នី ភេទប្រុស អាយុ ២១ ឆ្នាំ, ឈ្មោះហ៊ាន វ៉ើយហុង ភេទប្រុស អាយុ ២២ ឆ្នាំ និងឈ្មោះអឿន ភារម្យ ភេទប្រុស អាយុ ២២ ឆ្នាំ ទាំង ០៣ នាក់មានទីលំនៅក្នុងភូមិតាស្ដា ឃុំតា​ស្ដា ស្រុកសំពៅលូន។ ចំណែកយុវជនរងគ្រោះឈ្មោះឡាញ់ ស៊ីណាត ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

នគបាលបានបញ្ជាក់បន្ថែមថា÷ ករណីហិង្សាបណ្តាលឱ្យស្លាប់ជន​រ​ងគ្រោះនេះផ្តេីមចេញពីរឿងគំនុំក្នុងជម្លោះកាលពីកន្លងមក រហូតនៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ ជនបង្កបាននាំគ្នាចំនួន ៩នាក់ចេញធ្វើសកម្មភាពចាំស្ទាក់ជនរងគ្រោះនៅតាមផ្លូវ ជិតរំលងអាធ្រាត ខណ:ដែលជនរងគ្រោះចេញពីជប់លៀង ក្នុងពិធីមង្គលការបងប្អូនត្រង់ចំណុចផ្លូវជាតិលេខ ៥៩ ស្ថិតក្នុងក្រុមទី ០៤ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន៕

Share.