មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរកឃើញបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន០៨នាក់បន្ថែមទៀត វិជ្ជមាកូវីដ១៩។

នៅក្នុងសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានរៀបរាប់ថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញបានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏។ជាលទ្ធផលគិតត្រឹមម៉ោង១៧:០០នាទី នៅល្ងាចថ្ងៃដដែលនេះមានចំនួន០៨នាក់ បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន។

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញណែនាំក្រុមបាតុករទាំងអស់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផល មកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។

ទន្ទឹមនឹងនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយក្រុមបាតុករព្រមទាំងបងប្អូនបាតុករដែលមិនទាន់បានយកសំណាកវិភាគមេរោគកូវីដ-១៩ ត្រូវទៅធ្វើតេស្តរក មេរោគតាមកន្លែងកំណត់នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នៅថ្ងៃទី០៧ ខែកុម្ភៈ ២០២២នេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩បន្ថែម (តេស្តដោយPCR) 108 នាក់ (ជាវីរុសបំប្លែងថ្មី អូមីក្រុងទាំងអស់ ករណីសហគមន៍ 103 នាក់) ជាសះស្បើយ 90 នាក់ និងមិនមានករណីស្លាប់៕

Share.