ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានចេញផ្សាយនាថ្ងៃអង្គារ ទី ០៨ ខែ កុម្ភៈ នេះថា សភារបស់ប្រទេសកូរ៉េខាងជើងបានសន្យាថានឹងអភិវឌ្ឍសេដ្ឋកិច្ច ​និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បើទោះបីជាកាលពីឆ្នាំមុន មានបញ្ហាលំបាក និង ស្មុគស្មាញ អំពីការដាក់ទណ្ឌកម្ម និង ការរាតត្បាតនៃមេរោគឆ្លងទូទាំងសកលលោកក៏ដោយ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានផ្សាយថា សភាប្រជាជនកំពូល (SPA) ដែលជាសភារដ្ឋឯកោ បានជួបប្រជុំគ្នាកាលពីថ្ងៃទី ០៦-០៧ ខែកុម្ភៈ ដើម្បីពិភាក្សាការងារគណៈរដ្ឋមន្ត្រី និង ថវិការដ្ឋាភិបាល ហើយអនុម័តច្បាប់ថ្មីស្ដីពីការថែទាំកុមារ និង ការការពារអ្នករស់នៅក្រៅប្រទេស។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបានចូលរួមកិច្ចប្រជុំ ដែលដឹកនាំដោយលោក Choe Ryong Hae ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ SPA នោះទេ។

ការជួបជុំនេះកើតឡើង នៅពេលដែលប្រទេសកូរ៉េខាងជើងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរចំពេលដែលកំពុងទទួលរងទណ្ឌកម្មជុំវិញកម្មវិធីនុយក្លេអ៊ែរ និង មីស៊ីលរបស់ខ្លួន ព្រមទាំងការដាក់បំរាមទប់ស្កាត់វិធានការកូវិដ ដែលធ្វើឲ្យមានការកាត់ផ្ដាច់ពាណិជ្ជកម្មយ៉ាងខ្លាំងជាមួយប្រទេសចិន ដែលជាសម្ព័ន្ធមិត្ត និងជាសរសៃឈាមសេដ្ឋកិច្ចធំបំផុតរបស់ខ្លួន។

កាលពីខែធ្នូ ឆ្នាំ២០២១ លោក គីមជុងអ៊ុន បានកោតសរសើរចំពោះភាពជោគជ័យមួយចំនួន ដែលបានសម្រេចក្នុងការអនុវត្តផែនការសេដ្ឋកិច្ចរយៈពេល ៥ឆ្នាំ ដែលលោកបានបង្ហាញកាលពីដើមឆ្នាំមុន ប៉ុន្ដែបានព្រមានអំពី ការតស៊ូជីវិតស្លាប់រស់នាឆ្នាំនេះ ក្នុងការសម្រេចបាននូវគោលដៅនៃការជំរុញសេដ្ឋកិច្ច និង ធ្វើឲ្យជីវភាពប្រជាជនកូរ៉េខាងជើងមានភាពប្រសើរឡើង។

គួរដឹងថា សភាឯកោ (SPA) នេះកម្រនឹងជួបប្រជុំ ហើយជាធម្មតាគឺបម្រើដើម្បីអនុម័តសេចក្ដីសម្រេចលើថវិកាបុគ្គលិក និង បញ្ហាផ្លូវច្បាប់ ក៏ដូចជាភារកិច្ចរបស់គណបក្សពលករកំពុងកាន់អំណាចដែលសមាជិកភាគច្រើនបង្កើតសភា៕

ប្រភព៖ CNA

Telegram-Troryorng
Share.