យោងតាមការចេញផ្សាយរបស់សារព័ត៌មានកាសែត Thairath បានចេញផ្សាយថា ឧត្តមសេនីយឯក មីន អ៊ុងឡាំង មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានយល់ព្រមអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសអាស៊ាន ជួបពិភាក្សាការងារជាមួយសមាជិកគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) នៅថ្ងៃដំណើរ ទស្សនកិច្ច លើកចុង ក្រោយរបស់ខ្លួននៅមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំមីយ៉ាន់ម៉ាបានសន្យាជាមួយ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា កាលពី ថ្ងៃ ទី ២៦ ខែ មករា ឆ្នាំ២០២២។

មីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងភាពវឹកវរនយោបាយ និង អន្តិសុខជាខ្លាំង បន្ទាប់ពីកងទ័ពបានធ្វើ រដ្ឋប្រហារយោធា នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១ ទម្លាក់គណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី។ ក្រុមឧទ្ទាមជនជាតិភាគតិច និង ក្រុមប្រដាប់អាវុធជាច្រើនក្រុម បានប្រកាសប្តេជ្ញាតតាំង ជាមួយនឹងការវិលត្រលប់មកវិញ នៃរបបសិកផ្តាច់ការ។ ទោះជាយ៉ាងណា  មិនមានការបង្ហើប និងបញ្ជាក់ឱ្យដឹងថា ប្រេសិតពិសេសអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  ជួបជាមួយសមាជិកបក្សរបស់លោកស្រី អ៊ុង សានសូជី រូបណានោះទេ។ ប៉ុន្តែសម្រាប់ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថាជា កូនសោ មួយ សំខាន់ដើម្បីរកច្រកចេញឱ្យមីយ៉ាន់ម៉ា។ ប្រេសិតពិសេសអាស៊ានរូបនេះ ទំនងជាមិនបានជួបជាមួយលោកស្រី អ៊ុង សានស៊ូជី ខណៈដែលលោកស្រីកំពុងជាប់ឃុំខ្លួន និងជាប់ចោទពីបទល្មើសជាច្រើនករណី ដែលអាចសរុបរួមជាប់ពន្ធនាគារដល់១៥០ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់កាសែត Thairath។

យ៉ាងណាមិញ យោងតាមការចេញផ្សាយនៅក្នុងប្រទេសកម្ពុជាក៏បានឱ្យដឹងថា លោក ប្រាក់ សុខុន មានប្រសាសន៍សង្គត់ធ្ងន់ទាក់ទង វិបត្តិនៅមីយ៉ាន់ម៉ា គឺជាចំណោទបញ្ហាដ៏ធំ និងមានភាពស្មុគស្មាញ ដោយសារប្រវត្តិសាស្រ្តនយោបាយ គួបផ្សំនឹងតួនាទីដ៏មានឥទ្ធិពលរបស់យោធាជាដើម។ ដូច្នេះ ដំណើរទស្សនកិច្ចតែម្តងមិនអាចជោគជ័យនោះទេ ដោយទាមទារការព្យាយាមបន្ថែមទៀត។ លោកថា គម្រោងជួបជាមួយ លោកស្រី អ៊ុងសាន ស៊ូជី អាចនឹងមាននៅពេលក្រោយ។

លោកថា លោក មីន អ៊ុងឡាំង បានប្តេជ្ញាចូលរួមដោះស្រាយវិបត្តិរបស់ខ្លួន ហើយសិក្សាពីរបៀបដឹកនាំរបស់កម្ពុជាក្នុងការនាំកម្ពុជាប្រកបដោយសន្តិភាព៕

ប្រភព៖ Thairath

Telegram-Troryorng
Share.