ការរកឃើញការណីឆ្លងនៃមេរោគបំប្លែងថ្មីដែលមានកំណើនរហូតដល់៣ខ្ទង់ឡើងវិញនៅរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ បានជំរុញឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ផ្ញើសារជាសំឡេងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនឡើងវិញ និងបានជំរុញឱ្យមានការកាត់បន្ថយការជួបជុំ កម្សាន្តសប្បាយដែលមានមនុស្សច្រើន។

សម្តេចតេជោថា៖ «ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យកាត់បន្ថយ ការជួបជុំផឹកស៊ី កម្សាន្តសប្បាយ ដើម្បីធានានូវការរក្សាគម្លាតសុវត្ថិភាពសម្រាប់ការពារនូវការឆ្លង បើទោះបីជាមេរោគបច្ចុប្បន្ននៅកម្ពុជាពុំមានករណីដែលតា និងអាល់ហ្វា ដែលជាជំងឺកាចសាហាវ និងឆក់យកជីវិតមនុស្ស ប៉ុន្តែជំងឺអូមីក្រុងមកជំនួស»។

សម្តេចបានបន្តថា៖ «ពិតមែនតែជំងឺនេះស្រាល បើប្រៀបជាមួយនឹងអាល់ហ្វា និងដែលតា ប៉ុន្តែការឆ្លងនេះនៅតែកើនឡើងខ្ពស់ វានឹងនាំទៅដល់គ្រោះថ្នាក់ ដែលអាចសាយភាយពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត ដែលឥឡូវនេះខេត្តមួយចំនួន ពុំមានករណីឆ្លងទេ ក៏ប៉ុន្តែនៅទីក្រុងភ្នំពេញបែរជាមានជំងឺឆ្លងច្រើន ដែលត្រូវយកចិត្តទុកដាក់ពង្រឹងនូវស្ថានភាពទាំងឡាយនៅតាមទីកន្លែងដែលមានការបើកឱ្យធ្វើអាជីវកម្ម ដូចជារង្គសាល ឬពិធីជួបជុំនានា ការរៀបអាពាហ៍ពិពាហ៍ ឬការជួបជុំខាងសាសនាជាដើម គួរត្រូវបានកម្រិតធ្វើឱ្យតិចកាន់តែល្អ»។

កម្ពុជាបានធ្លាក់ចុះនូវករណីឆ្លងជំងឺកូវីដ១៩ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយមានចំនួនអ្នកឆ្លងតិចតួចបំផុត ហើយភាគច្រើនករណីនាំចូល។ រយៈពេលជាង១ខែហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក ដែលកម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ នោះទេ។ ទោះជាយ៉ាងនេះក្តី ករណីឆ្លងបានចាប់ផ្តើមកើនឡើងវិញជាបន្តបន្ទាប់ និងកាន់តែច្រើន ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។ 

សម្តេចតេជោ បានបន្តថា «ស្ថានភាពបែបនេះ តម្រូវឱ្យមានវិធានការជាបន្ទាន់ បន្ថែមលើវិធានការដែលមានរួចទៅហើយ ដែលខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ សូមមេត្តាយកចិត្តទុកដាក់ ទៅលើកិច្ចការពារខ្លួនជាចាំបាច់ ក្នុងនោះបញ្ហាទាក់ទងជាមួយនឹងការជួបជុំ ឬការប្រមូលផ្តុំ ក៏ដូចជាវិធីទាំងឡាយ ដែលយើងបានអនុវត្តរួចមកហើយ គឺ ៣កុំ និង៣ការពារ»៕

សម្តេចកត់សម្គាល់ថា៖ ប្រសិនបើយើងម្នាក់ៗអនុវត្តបានដូច្នេះ ជំងឺនេះក៏មិនឆ្លងរីករាលដាលធ្ងន់ធ្ងរដូច្នេះដែរ បន្ទាប់ពីចូលឆ្នាំចិន និងវៀតណាម រួចហើយ យើងសង្កេតឃើញថា នៅប្រទេសយើងក៏មានការកើនឡើងនូវជំងឺឆ្លង នៅប្រទេសថៃក៏ការកើនឡើង នៅវៀតណាមក៏ដូចជានៅបណ្តាប្រទេសអាស៊ានដទៃទៀត គឺសុទ្ធតែមានការកើនឡើង៕

Share.