ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសកូឡុំប៊ីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៤នាក់បានស្លាប់ និង ៣៥នាក់ទៀតរងរបួស បន្ទាប់ពីការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅកណ្ដាលប្រទេសកូឡុំប៊ី។

អ្នករងរបួសទាំង ៣៥នាក់ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីផ្ទះជាច្រើនខ្នងត្រូវបានវាយប្រហារនៅក្នុងទីក្រុង ដូសគេប្រាដេស (Dosquebradas) ខេត្ត រីសារ៉ាលដា (Risaralda) កាលពីថ្ងៃអង្គារ៍ ទី ០៨ ខែ កុម្ភៈ ម្សិលម៉ិញ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ UNGRN បានបង្ហោះលើបណ្ដាញសង្គម ថ្វីតធើ (Twitter) អំពីការរអិលបាក់ដី គ្រប់ដណ្ដប់លើផ្ទះប្រជាជនក្នុងតំបន់រងគ្រោះ និង ចេញរបាយការណ៍ថា គិតត្រឹមព្រឹកថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ២០២២ នេះ មានមនុស្សចំនួន ១៤នាក់បាត់បង់ជីវិត និង ៣៥នាក់ទៀតរងរបួស ខណៈមនុស្សម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។ ក្រុមជួយសង្រ្គោះកំពុងតែខិតខំស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត ខណៈដែលក្រុមជួយសង្រ្គោះមានការភ័យខ្លាចថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។

អាជ្ញាធរបានជម្លៀសប្រជាជនចេញពីផ្ទះរាប់សិបខ្នងដែលនៅក្បែរតំបន់កើតហេតុ ខណៈទឹកទន្លេ អូតុន (Otun) កំពុងតែឡើងខ្លាំង។

គួរដឹងថា ការរអិលបាក់ដីគឺជារឿងធម្មតានៅក្នុងប្រទេសកូឡុំប៊ី ដោយសារតំបន់ភ្នំ តែងតែមានភ្លៀងធ្លាក់ញឹកញាប់ ហើយការសាងសង់ផ្ទះភាគច្រើននៅលើភ្នំដ៏ចោត ដែលបង្កឲ្យមានហានិភ័យខ្លាំងក្នុងរដូវវស្សា៕

ប្រភព៖ Reuters

Telegram-Troryorng
Share.