អតីត​ជម្រើស​ជាតិ​អេស្ប៉ាញ Xavi Hernandez បាន​សម្រេច​បន្ត​កិច្ចសន្យា​ដឹកនាំ​ក្លិប​បាល់ទាត់ Al Sadd នៅ​ក្នុង​លីគ​ប្រទេស​កាតារQatar Stars League រហូត​ដល់​ឆ្នាំ​២០២៣ ខាង​មុខ​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ក្លិប​បាល់ទាត់​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ដូហា នៅ​លើ​បណ្ដាញ​សង្គម twitter។

ក្រោយ​ចាកចេញ​ពី​ក្លិប​យក្ស FC Barcelona របស់​អេស្ប៉ាញ​នៅ​ឆ្នាំ​២០១៥ Xavi បាន​ប្តូរ​ក្លិប​ទៅ​ចូលរួម Al Sadd តែ​ម្តង​ដែល​កាល​ណោះ​នៅ​ជា​កីឡាករ​នៅ​ឡើយ​នោះ​ទេ ហើយ​នៅ​ឆ្នាំ​២០១៩ រូប​គេ​បាន​ប្រកាស​ព្យួរ​ស្បែក​ជើង​ក្នុង​នាម​ជា​កីឡាករ​អាជីព ប៉ុន្តែ​រូប​គេ​ត្រូវ​បាន​ក្លិប​តែងតាំង​ជា​គ្រូ​បង្វឹក​តាំង​ពី​ពេល​នោះ​តែ​ម្តង។

អត្ថបទពាក់ព័ន្ធ៖ថ្ងៃ​ខួប​៣៧ឆ្នាំ កីឡាករ Andrés Iniesta បន្ត​សោយសុខ​​នៅ​​ប្រទេស​ជប៉ុន ដល់​ឆ្នាំ​២០២៣

ពេល​ទៅ​ដល់​កាតារ ក្នុង​នាម​ជា​កីឡាករ Xavi ធ្លាប់​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់​មួយ​ចំនួន​ដូចជា លីគ​កំពូល​ប្រទេស​កាតារ នៅ​ឆ្នាំ​២០១៨-១៩ ពានរង្វាន់ Qatar Cupឆ្នាំ​២០១៧ ពាន Qatari Super Cupឆ្នាំ​២០១៧ និង​ពាន Emir of Qatar Cup ឆ្នាំ​២០១៧​ជាមួយ​គ្នា។

តែ​ក្រោយ​ពេល​ឡើង​ធ្វើ​ជា​អ្នក​ដឹកនាំ​ក្រុម​បុរស​វ័យ​​៤១ឆ្នាំ​រូប​នេះ​បាន​ជួយ Al Sadd ឈ្នះ​ពានរង្វាន់​លីគ​គំពូល​កាតារ​ឆ្នាំ​២០២០-២១ ពាន Qatar Cup ឆ្នាំ​២០២០ និង​២០២១ ពានរង្វាន់​ Qatari Super Cupឆ្នាំ​២០១៩ ពានរង្វាន់​ Emir of Qatar Cupឆ្នាំ​២០២០ និង​ពាន Qatari Stars Cup ឆ្នាំ​២០១៩-២០។

ក្លិបAl Sadd បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ នេះ​ថា​ពាក្យ​ចចាមអារ៉ាម​ដែល​ថា Xavi ចាកចេញ​គឺ​ជា​រឿងមិន​ពិត​នោះ​ទេ។ ដោយ​ឡែក​ Xavi វិញ​បាន​លើក​ឡើង​ក្រោយ​បន្ត​កិច្ចសន្យា​ថ្មី​ថា៖«ខ្ញុំ​ពិត​ជា​រីករាយ​​ណាស់​ដែល​បាន​បន្ត​កិច្ចសន្យា​ជាមួយ​ Al Sadd យើង​ធ្វើដំណើរ​ជាមួយ​គ្នា រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​គូ​ប្រកួត ហើយ​ឈ្នះ​ក្នុង​ការ​ប្រកួត​និង​គ្រង​ជើង​ឯក។ យើង​ពិត​មោទនភាព​នឹង​ជោគជ័យ​នេះ។ វា​ជា​ផ្នែក​ដែល​គាំទ្រ​ដល់​គ្រូ​បង្វឹក​​គ្រប់​រូប ​ដើម្បី​​ធ្វើ​រឿង​នេះ​បាន»។

Xavi ធ្លាប់​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​នៅ​ប្រទេស​អេស្ប៉ាញ ជាមួយ​ក្លិប FC Barcelona ដោយ​ក្នុង​នោះ​ពាន La Liga រហូត​ដល់​ ៨លើក ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Champion League ចំនួន​៤លើក បានរង្វាន់ UEFA Super Cup ចំនួន២លើក បានរង្វាន់ FIFA Club World Cup ចំនួន២លើក​ផង​ដែរ។ ចំណែក​ក្នុង​ជម្រើស​ជាតិ​អេស្ប៉ាញ វិញ​រូប​គេ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ជើង​ឯក​ពិភពលោក FIFA World Cup ឆ្នាំ​២០១០​នៅ​អាហ្វ្រិកខាងត្បូង និង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​អឺរ៉ុប ឆ្នាំ​២០០៨ និង​២០១២ ផង​ដែរ៕

Share.