លោក Ravindra Pal Singh (ឆ្វេងដៃ) និង លោក ​Maharaj Krishan Kaushik (ស្ដំា)

អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​កីឡា​ហុកគី​ឥណ្ឌា លោក ​Ravindra Pal Singh និង​Maharaj Krishan Kaushik ដែល​ធ្លាប់​នាំ​ក្រុម​ដណ្តើម​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក បាន​ទទួល​មរណភាព​ក្នុង​ថ្ងៃ​ដំណាល​គ្នា ដោយ​សារ​ជំងឺ​កូវីដ-១៩។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Indianexpress របស់​ឥណ្ឌា។

បុរស​ទាំង​២ ធ្លាប់​ដណ្តើម​បាន​មេដាយ​មាស​អូឡាំពិក 1980 Moscow Olympics ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​មូស្គូ សហភាពសូវៀត (រុស្ស៊ី)។ Ravindra Pal Singh វ័យ​៦០ឆ្នាំ និង​ Maharaj Krishan Kaushikវ័យ​៦៦​ឆ្នាំ បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​សៅរ៍ ទី​៨ ខែ ឧសភា ឆ្នាំ​២០២១។

អត្ថបទពាក់ព័ន្ធ៖នាយក​ប្រតិបត្តិ​សហព័ន្ធ​កីឡា​​ប្រដាល់​ឥណ្ឌា ស្លា.ប់ ដោយ​សារ​កូវីដ-១៩

លោក Kaushik ធ្លាប់​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​​ហុកគី​ឥណ្ឌា ព្រម​ទាំង​ឈ្នះ​​មេដាយ​កីឡា​អាស៊ី 1998 Asian Games ក្នុង​ប្រទេស​ថៃ និង​ដឹកនាំ​ក្រុម​​ជម្រើស​ជាតិ​ហុកគី​នារី ឈ្នះ​មេដាយ​​សំរឹទ្ធ 2006 Asian Games ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតារ​ផង​ដែរ។

ចំំណែក​លោក Singh បាន​បង្ហាញ​ខ្លួន​ចុងក្រោយ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហុកគី​ឥណ្ឌា នៅ​ក្នុង​ព្រឹត្តិការណ៍ 1984 Olympics នៅ​ Los Angeles សហរដ្ឋ​អាមេរិក និង​សម្រេច​ចិត្ត​ចូល​និវត្តន៍ បន្ទាប់​ពី​​រង​របួស​ឆ្អឹង​ខ្នង។

គិត​ត្រឹម​ពេល​នេះ​ប្រទេស​ឥណ្ឌា កំពុង​តែ​ឈរ​ចំណាត់​ថ្នាក់​លេខ២​ពិភពលោក​ដែល​មាន​អ្នក​ឆ្លង​កូវីដ-១៩ ច្រើន​ជាង​គេ បន្ទាប់​ពី​សហរដ្ឋអាមេរិក។ អ្នក​ឆ្លង​មាន​ចំនួន​​២៣,៧០២.៨៣២ នាក់ និង​ស្លាប់​រហូត​ដល់​២៥៨,៣៥១នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន​ ៣,៧១៦.០៤៥នាក់៕

អត្ថបទពាក់ព័ន្ធ៖ម្ចាស់​មេដាយ​មាស​​​ប្រចាំ​ទ្វីប​អាស៊ី របស់​ឥណ្ឌា ១រូប​ ​ទទួល​មរណភាព​ដោយ​សារ​កូវីដ-១៩

Share.