ក្រោយ​មាន​ការ​ស្នើសុំ​ពី​ក្រុម​មធាវី​ស្ម័គ្រ​ចិត្ត​របស់​សម្ដេច​តេជោ​ដឹកនាំ​ដោយ​លោក​ គី​ តិច​ ​ឱ្យ​មាន​ការ​ដោះលែង​ មាន​ ពេជ្ររីតា​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​ ​ទីបំផុត​ពិធីការិនី​វ័យ​ក្មេង​របស់​ប៉ុស្ដិ៍​ MYTV ដែល​ជា​អតីត​បេក្ខនារី​ Miss Grand Cambodia ​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដោះលែង​ហើយ​។

កញ្ញា យ៊ូបី​ ឈ្មោះ​ហៅ​ក្នុង​សិល្បៈ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី​១១​ ក្រោម​បទ​ចោទ​ប្រកាន់​ «លួច​មាន​ស្ថាន​ទម្ងន់​ទោស​»​ បន្ទាប់​ពី​មាន​ការ​ដាក់ពាក្យ​ប្ដឹង​ដោយ​លោក​ឧកញ៉ា​ ហេង​ សៀ​កាល​ពី​ថ្ងៃ​តី​១០​ខែ​ឧសភា​កន្លង​មក​។​

ទន្ទឹម​នឹង​មាន​ការ​ចាប់​ខ្លួន​របស់​ពិធីការិនី​រូប​នេះ​ជា​បណ្ដោះ​អាសន្ន​​ក្រោម​បទ​ចោទ​ប្រកាន់​ខាង​លើ​ ភាគី​កញ្ញា​យូប៊ី​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​បក​ទៅ​លោក​ឧកញ៉ា​ ហេង សៀ​ វិញ​ពី​បទ​ «ប៉ុនប៉ង​រំលោភ​សេព​សន្ថវៈ​នៅ​ក្នុង​រថយន្ត​»​ ផង​ដែរ​។​

ក្រោយ​ផ្ទុះ​រឿង​ចាប់​ខ្លួន​និង​ការ​ប្ដឹង​បក​របស់​តារា​ស្រី​វ័យ​ក្មេង​រូប​នេះ​ ធ្វើ​ឱ្យ​មាន​ចលនា​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​និង​ស្វែង​រក​យុត្តិធម៌​ជូន​កញ្ញា​ ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ពី​សំណាក់​តារា​ល្បី​ៗ​ក៏​ដូច​ជា​សិល្បករ​ សិល្បការិនី​ និង​ ​សាធារណជន​ទូទៅ​​យ៉ាង​ផុសផុល​។​

គួរ​ដឹង​ដែរ​ថា​ពាក្យ​បណ្ដឹង​ប្ដឹង​បក​របស់​កញ្ញា យូប៊ី ទៅកាន់​លោក​ឧកញ៉ា ហេង សៀ មាន​ចំនួន​៣​ចំណុច​គឺ​៖

១៖ ប្តឹង​ឧកញ៉ា​ ហេង​ សៀ​ ​ពី​បទ​ ​«ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» ​ដោយ​មាន​ស្ថាន​ទម្ងន់​
២៖ ទាមទារ​សំណង​ជំងឺ​ចិត្ត​ ​ចំនួន​ទឹក​ប្រាក់​ ​១០​ម៉ឺន​ដុល្លារ
៣៖ ទាមទារ​ការ​ខាតបង់​ ​និង​ខូចខាត​ពេល​វេលា ​និង​សេវា​ផ្លូវ​ច្បាប់​ចំនួន​ ​១​ម៉ឺន​ដុល្លារ​៕

សូម​អាន​ដីកា​បង្គាប់​ឱ្យ​ដោះ​លែង​កញ្ញា​ មាន​ ពេជ្ររីតា​ ខាង​ក្រោម​នេះ​៖ ​​

Share.