
មុនធ្វើជាម្ចាស់ផ្ទះក្នុងពានរង្វាន់ 2022 FIFA World Cup ក្នុងឆ្នាំ២០២២ ខាងមុខ ប្រទេសកាតារ បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍កីឡា 2021 FIFA Arab Cup ដែលធ្វើឡើងក្នុងឆ្នាំ២០២១ នេះ សុទ្ធសឹងតែជាប្រទេសកាន់សាសនាឥស្លាម មកពីទ្វីបអាហ្រ្វិក និងទ្វីបអាស៊ី។
បើតាមសារព័ត៌មាន Thepeninsulaqatar របស់កាតារ បញ្ជាក់ថាការជ្រើសរើសក្រុមចូលរួមប្រកួតក្នុងពានរង្វាន់ពិភពលោកនេះត្រូវមានចំណាត់ថ្នាក់ល្អក្នុងតារាង FIFA World Ranking ក្នុងខែមេសាឆ្នាំ២០២១ ដោយចែកជា២វគ្គគឺវគ្គជម្រុះ និងវគ្គចែកពូល។ ៩ក្រុមដែលឈរនៅចំណាត់ថ្នាក់ខ្ពស់ត្រូវអង្គុយចាំនៅវគ្គចែកពូល មានដូចជាម្ចាស់ផ្ទះកាតារ (លេខ៥៨) ទុយនេស៊ី (លេខ២៦) អាល់ហ្សេរី(លេខ៣៣) ម៉ារ៉ុក(លេខ៣៤) អេហ្ស៊ីប (លេខ៤៦) អារ៉ាប៊ីសាអ៊ូឌីត (លេខ៦៥) អ៊ីរ៉ាក់ (លេខ៦៨) អារ៉ាប់រួម (លេខ៧៣) និងស៊ីរី (លេខ៧៩)។

ចំណែកក្រុមនៅវគ្គជម្រុះមានចំនួន ១៤ក្រុមរួមមានអូម៉ង់ លីប៉ង់ ហ្សកដានី បារ៉ែន ម៉ូរីតានី ប៉ាឡេស្ទីន លីប៊ី ស៊ូដង់ កូម៉ូរ៉ា យេមែន គុយវ៉ែត ស៊ូដង់ខាងត្បូង ជីប៊ូទី និងសូម៉ាលី។ ក្រុមទាំង១៤ បានចាប់គូប្រកួតរួចរាល់ហើយ សម្រាប់អ្នកឈ្នះ មានឈ្មោះឡើងទៅលេងវគ្គចែកពូលជាមួយក្រុមទាំង៩ កំពុងអង្គុយចាំ ដែលមាន៤ពូល ក្នុង១ពូលមាន៤ក្រុម។
វគ្គជម្រុះ 2021 FIFA Arab Cup នេះគ្រោងធ្វើឡើងពីថ្ងៃទី១៩ ដល់២៥ខែមិថុនា ឆ្នាំ២០២១ ខណៈវគ្គចែកពូលនឹងធ្វើឡើងពីថ្ងៃទី១ដល់១៨ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងដូហា ប្រទេសកាតារ។

កាលពីបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៦៣ ពានរង្វាន់នេះមានឈ្មោះថា Arab Cup ប៉ុន្តែរៀបចំមិនបានទៀងទាត់នោះទេ ដោយឆ្នាំខ្លះរៀបចំ ហើយឆ្នាំខ្លះក៏រំលង ខណៈនេះជាលើកទី២ហើយដែលធ្វើឡើងនៅប្រទេសកាតារ ខណៈឆ្នាំដំបូងធ្វើនៅឆ្នាំ១៩៩៨។ គិតត្រឹមពេលនេះពាន 2021 FIFA Arab Cup រៀនចំឡើងបានចំនួន៩លើកមកហើយ ស្របពេលក្រុមអ៊ីរ៉ាក់ ធ្លាប់ឈ្នះជើងឯកបានចំនួន៤លើក អារ៉ាប៊ីសាអ៊ូឌីត ធ្លាប់ឈ្នះបាន២លើក និងទុយណេស៊ី ម៉ារុក ធ្លាប់ ឈ្នះម្នាក់១លើក។
ចំណែកពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក 2022 FIFA World Cup ដែលបើកឱ្យប្រទេសទូទាំងសកលលោកចូលរួមនេះ នឹងប្រកួតវគ្គចែកពូលចុងក្រោយនៅប្រទេសកាតារ ដែរ ដោយតាមផែនការនឹងប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០២១ មានប្រទេសចំនួន៣២ក្រុមចូលរួម នៅ៥ទីក្រុងផ្សេងគ្នា ក្នុងនោះទ្វីបអាហ្វ្រិកមាន៥កៅអី ទ្វីបអាស៊ីមាន៥កៅអីកន្លះ ទ្វីបអឺរ៉ុប មាន១៣កៅអី ទ្វីបអាមេរិកខាងជើង (អាមេរិកខាងជើង កណ្ដាល និងតំបន់ការីប៊ៀន) ចំនួន៣កៅអីកន្លះ ទ្វីបអូសេអានី មានកន្លះកៅអី និងទ្វីបអាមេរិកខាងត្បូង មាន៤កៅអីកន្លះ៕
