អ្នក​គាំទ្រ​ និង ​អ្នក​​ជឿ​ជាក់​​លើ​​យូប៊ី​ ​ថា​នាង​ជា​មនុស្ស​ស្អាត​ស្អំ​ចំពោះ​បទ​ចោទ​ប្រកាន់​ ​«​លួច​មាន​ស្ថាន​ទម្ងន់​ទោស​»​  ពី​សំណាក់​លោក​ ឧកញ៉ា​ ​ហេង សៀ​ កំពុង​តែ​រីករាយ​និង​ចូលរួម​អបអរសាទរ​ចំពោះ​សេរីភាព​​របស់​កញ្ញា​។ ​ប៉ុន្តែ​តើ​អ្នក​ទាំង​អស់​គ្នា​មាន​ដឹង​ទេ​ថា​ ​ពិធីការិនី​រូប​នេះ​ ​នៅ​មិន​ទាន់​មាន​សេរីភាព​ទាំង​ស្រុង​នោះ​។​

​​​ជា​ការ​ពិត​ណាស់​​យូប៊ី ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ ប៉ុន្តែ​ត្រូវ​លោក​ចៅ​ក្រម​ ​កូយ សៅ ​បន្ត​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​។​

តាម​មាត្រា​២២៣​ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ​ចៅក្រម​ស៊ើប​អង្កេត​អាច​ដាក់​ជន​ត្រូវ​ចោទ​ (មាន​ ​ពេជ្ររីតា​ ​ហៅ​យូប៊ី) ​ឱ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​បាន​គ្រប់​ពេលវេលា​ ​ប្រសិន​បើ​ជន​ត្រូវ​ចោទ​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​បទ​ល្មើស​ ដែល​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​។​ ​ការ​ត្រួត​ពិនិត្យ​តាម​​ផ្លូវ​តុលាការ​នេះ​​ មាន​អានុភាព​បង្គាប់​ជន​ត្រូវ​ចោទ​ ​(យូប៊ី)​ ​ដែល​នៅ​ក្រៅ​ឃុំ​ឱ្យ​គោរព​កាតព្វកិច្ច​មួយ​ ​ឬ​ច្រើន​ ​ក្នុង​ចំណោម​១២​ចំណុច​ខាង​ក្រោម​៖​

​១.​ ​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែន​ដី​កំណត់​ដោយ​ចៅក្រម​ស៊ើប​សួរ​។​

​២.​ មិន​ត្រូវ​ផ្លាស់​ប្ដូរ​លំនៅឋាន​ ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅ​ក្រម​ស៊ើបសួរ​។​

​៣​.​ មិន​ត្រូវ​ទៅ​កាន់​ទី​កន្លែង​ខ្លះ​ដែល​កំណត់​ដោយ​ចៅក្រម​ស៊ើប​សួរ​។​

៤​. ​ត្រូវ​បង្ហាញ​ខ្លួន​តាម​ការ​កំណត់​នៅ​អង្គភាព​នគរបាល​ ​ឬ​កងរាជ​អាវុធហត្ថ​ ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​។

៥.​ ​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់​តាំង​ដោយ​ចៅក្រម​ស៊ើប​សួរ​។

៦.​ ​ត្រូវ​ប្រគល់​ជូន​ដល់​​ការិយាល័យ​ក្រឡាបញ្ជី​គ្រប់​ឯកសារ​បញ្ជាក់​អំពី​អត្ត​សញ្ញាណ​។​

​៧​. ​មិន​ត្រូវ​បើកបរ​រថយន្ត​។

​៨.​ មិន​ត្រូវ​ទទួល​ ​ឬ​ជួប​បុគ្គល​មួយ​ចំនួន​ ​ដែល​ចង្អុល​បង្ហាញ​ដោយ​ចៅ​ក្រម​ស៊ើប​សួរ​។​

៩​.​ ​ដាក់​ប្រាក់​ធានា​ដែល​ចំនួន​ប្រាក់​ធានា​ ​និង​ថិរ​វេលា​បង់​ប្រាក់​នេះ​ ​ត្រូវ​បាន​កំណត់​ដោយ​ចៅក្រម​ស៊ើប​សួរ​ ដោយ​ផ្អែក​ទៅ​លើ​ធនធាន​របស់​ជន​ត្រូវ​ចោទ​ ​(យូប៊ី)​។​

​១០​. ​មិន​ត្រូវ​កាន់​កាប់​ ​ឬ​យក​តាម​ខ្លួន​នូវ​អាវុធ​។​ ត្រូវ​ប្រគល់​ជូន​ដល់​ការិយាល័យ​ក្រឡា​បញ្ជី​នូវ​អាវុធ​ដែល​ជន​ត្រូវ​ចោទ​កាន់​កាប់​។​

​១១​. ​ត្រូវ​ប្រគល់​ខ្លួន​ឱ្យ​ពេទ្យ​ពិនិត្យ​ព្យាបាល​ ​និង​ជាយថាហេតុ​ ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​របប​ព្យាបាល​រោគ​ក្នុង​មន្ទីរពេទ្យ​។​

​១២.​ ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ខាង​វិជ្ជាជីវៈ​ខ្លះ​។

Share.