កម្មវិធីបវរកញ្ញាភពផែនដីអន្តរជាតិ «Miss Planet Internetional» បានខកខានអស់រយៈពេលជាង១ឆ្នាំដោយសារតែវិបត្តិនៃស្ថានភាពជំងឺកូវីដ១៩ ប៉ុន្ដែបវរកញ្ញា ប៉ុន សុរ៉ាវត្តី ចិញ្ចឹមចិត្តមិនបោះបង់ការចូលដណ្ដើមមកុដបវរកញ្ញាភពផែនដីអន្ដរជាតិដដែរ។

ក្រោយពីគ្រងម្កុដអស់រយៈពេលជាច្រើនខែ កញ្ញា ប៉ុន សុរ៉ា​វត្តី​ បានងាកមកប្រឡូកយ៉ាងចាស់ដៃក្នុងការចាប់អាជីពជាតារាសម្ដែង។ បវរកញ្ញាភពផែនដីកម្ពុជា២០២០ រូបនេះត្រូវបានផលិតករក្នុងស្រុកផ្តល់ឱកាសការងារសម្ដែងរឿងភាគជាច្រើនរឿងសម្រាប់ផ្សាយទូរទស្សន៍ក្នុងស្រុក។ ថ្មីៗនេះសារព័ត៌មានត្រយងទទួលដំណឹងថា កញ្ញាបានទទួលតំណែងជាពិធីការិនីប្រចាំស្ថានីទូរទស្សន៍ប៉ុស្ដិ៍លេខ៥ទៀតផង។

តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងកញ្ញាឯករូបនេះបានប្រាប់អ្នកសារព័ត៌មានត្រយងថា ​សុរ៉ាវត្តី ត្រូវបានផលិតករ​សសើរ​ខ្លាំងពីសមត្ថភាពក្នុងការសម្តែងភាពយន្តជាគ្រប់ទម្រង់ និងអត្តចរិតតួរបស់នាងអាចសម្តែងបានយ៉ាងល្អ ពិសេសជំនាញលើឈុតឆាកស្លូតបូតកម្សត់សម្រក់ទឹកភ្នែក។ សព្វថ្ងៃនេះ សុរ៉ាវត្តី បានទទួលថតខ្សែរឿងភាគរបស់ស្ថានីយទូរទស្សន៍ដល់ទៅ៤រឿង ដែលមិនទាន់អាចបញ្ជាក់ពីចំណងជើងរឿងបាននោះទេ។ ក្រៅពីអាជីពជាតារាសម្ដែងហើយនោះ សុរ៉ាវត្តី ក៏ទទួលការងារជាពិធីការិនីប្រចាំស្ថានីទូរទស្សន៍ប៉ុស្ដិ៍លេខ៥ក្នុងកម្មវិធី « The Dream Come True » ជាកម្មវិធីកម្សាន្ដបែបទស្សនាចរ។

បើទោះបីជាការងារសិល្បៈមមារញឹកយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះនៅតែមិនបោះបង់គោលជំហរក្នុងការដណ្ដើមមកុដពីវេទិកាប្រកួតបវរកញ្ញាភពផែនដីអន្ដរជាតិឡើយ។ អ្នកគ្រប់គ្រងកញ្ញថា សុរ៉ាវត្តី ឆ្លៀតពេលហ្វឹកហាត់ដើរបន្ថែមនៅពេលយប់ និងកំពុងហ្វឹកហាត់ការឆ្លើយសំណួរ។ សុរ៉ាវត្តី នៅតែមានជំនឿចិត្តថា នាងអាចធ្វើបានយ៉ាងល្អក្នុងការប្រកួតដែលខិតជិតមកដល់នាពេលខាងមុខនេះ ហើយរំពឹងថា នាងអាចនឹងឈានចូលវគ្គ Top សំខាន់ៗបានផងដែរ។

កញ្ញា ប៉ុន សុរ៉ាវត្តី មានស្រុកកំណើតមកពីខេត្តកំពង់ស្ពឺ មានកម្ពស់១៧០សង់ទីម៉ែត្រ ដែលស្រីស្អាតរូបនេះនឹងត្រូវតំណាងឱ្យកម្ពុជា ចូលរួមប្រកួតប្រជែងជាមួយនឹងបវរកញ្ញាប្រមាណជាង៧០ប្រទេសផ្សេងទៀត ដែលមកពីជុំវិញពិភពលោក ក្នុងកម្មវិធីបវរកញ្ញាភពផែនដីអន្តរជាតិ «Miss Planet Internetional» ដែលត្រៀមនឹងធ្វើឡើងនៅចុងខែ មិថុនា ឆ្នាំ២០២២ ខណៈដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះដដែរ៕

Telegram-Troryorng
Share.