លោក សយ រតនៈ ព្រមប្រកាសប្រាប់មហាជនអ្នកគាំទ្រថា លោកមានទំនាក់ទំនងស្នេហាជាមួយស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេកកូនកាត់ចិនគឺកញ្ញា ប៉ាច គីមមួយ អស់រយៈពេលជាង៧ឆ្នាំហើយ ដោយ២ឆ្នាំដំបូងៗនៃការចូលប្រលងចម្រៀងនៅក្នុងវិធី The Voice Cambodia រដូវកាលដំបូង លោកមានចិត្តប្រតិព័ទ្ធចំពោះកញ្ញាបាត់ទៅហើយ និងបានលួចថតវីដេអូកញ្ញាទុកថែមទៀតផង។ ចំថ្ងៃ១៤ កុម្ភៈ ២០២២នេះ អ្នកទាំងពីរសម្រេចចិត្តថា នឹងមិនលាក់លៀមមហាជនអ្នកគាំទ្រទៀតឡើយ ព្រោះឱកាសល្អបានមកដល់ហើយ។

តាមរយៈវីដេអូដែលបង្ហោះដោយផលិតកម្មហង្សមាស សេ្នហារវាងលោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ ធ្វើឱ្យហ្វេនៗអ្នកទស្សនារំជួលចិត្ត ដោយភាគីខាង​ប្រុសមានចិញ្ចៀបបញ្ចាំចិត្តជាតំណាងស្នេហ៍របស់អ្នកទាំង ២ ទៀតផង។ តាមពិតទៅ កន្លងមកហ្វេនអ្នកគាំទ្រ តារាចម្រៀងទាំងដួងនេះ តែងតែបង្ហាញការសង្ស័យចំពោះ រូបភាពល្អូកល្អិននឹងគ្នា និងយកចិត្តទុកដាក់នឹងគ្នាប្រៀបដូចគូស្នេហ៍ បង្ហោះនៅលើបណ្ដាញសង្គមហ្វេស។ តែយ៉ាងណាលោក សយ រតនៈ អះអាងថា លោកនិងគូស្នេហាមិនទាន់ហ៊ានបើកចំហពីទំនាក់ទំនងស្នេហាឱ្យដឹងជាសាធារណៈនោះទេ ព្រោះដោយសារភាពនៅវ័យក្មេង និងភ័យខ្លាចនៅពេលទម្លាយហើយប្រេះឆាវិញ។

លោក សយ រតនៈ អះអាងទៀតថា នៅពេលនេះលោក និងកញ្ញា ប៉ាច គីមមួយ កាន់តែចាស់ចិត្តចាស់គំនិតហើយ និងសមល្អមជាមួយពេលវេលាដែលត្រូវបើកបង្ហាញប្រាប់ហ្វេនអ្នកគាំទ្រដូចគ្នា។ យ៉ាងណាមិញ បើទោះបីជាទើបទម្លាយពីទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមនៅពេលនេះក៏ដោយ ក៏ប៉ុន្ដែអ្នកទាំងពីរនៅមិនទាន់ប្រាប់ដំណឹងល្អនៃការពេលរៀបការនៅពេលណានៅឡើយទេ៕

ដើម្បីឱ្យជាក់ច្បាស់ តោះទស្សនាវីដេអូខាងក្រោមនេះ៖

Telegram-Troryorng
Share.