រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីមួយរូបគឺលោកជំទាវ មាសសាឯម ដានី បានឆ្លងជំងឺ  កូវីដ១៩នៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ប្រភពដដែលអះអាងថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ មន្ត្រីដែល ដែលមានអាយុ៧១ឆ្នាំរូបនេះ បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca (Covishield) ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត។​

លោកជំទាវ ចាប់ផ្ដើមមិនស្រួលក្នុងខ្លួននៅថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើតេស្តនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅគេហដ្ឋានរបស់លោកស្រី ដែលមានតាំងនៅផ្ទះលេខ២១ ផ្លូវលេខ៤២២ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយលោកស្រីបានលទ្ធផលវិជ្ជមាន។​

យ៉ាងណាក៏ដោយចាប់តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មក លោកស្រី មាសសាឯម ដានី មិនបានមកបំពេញការងារនៅទីស្តីការគណៈរដ្ឋមន្ត្រីទេ៕

Share.