ភ្នំពេញ ៖ រថយន្តបែន ប្រភេទយុីឌុប ដឹកថ្មមួយគ្រឿង ខណៈដែលបើកឆ្លងផ្លូវ ចូលការដ្ឋាន មិនមិនឃើញ បុកកិនម៉ូតូ ហុងដាគុបមូល បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្រោមកង់រថយន្ត បែកខ្ទេចមួយកំណាត់ ។

ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិ លេខ៤ កែងមហាវិថីឈ្នះ ឈ្នះ ចំណុចភ្លើងស្តុប ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារសភាពសពបែកខ្ទេច ក្រាន់តែដឹងថាជិះម៉ូតូ ម៉ាកហុងដា គុបមូល ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ឋ 6189 ភព1 ។ ចំណែករថយន្ត ម៉ាកហុីយ៉ាន់ដាយយុីឌុប ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ3C-7924 ដឹកថ្មពេញរថយន្ត បើកបរដោយឈ្មោះ ដុក ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកថ្ម បើកឆ្លងផ្លូវជាតិលេខ៤ ពីជើងទៅត្បូង យកថ្មចាក់នៅការដ្ឋានធ្វើផ្លូវក្រវាត់ក្រុង ខណៈដែលផុតផ្លូវកៅស៊ូហើយ មើលមិនឃើញ បែរជាជ្រុលបុកកិន ម៉ូតូរបស់ជនរងគ្រោះ ជិះតាមផ្លូវដី ចិញ្ចើមមាត់ប្រឡាយ ជាប់ពីក្រោមអូស ស្លាប់ជនរងគ្រោះជាប់ពីក្រោមកង់រថយន្ត បែកខ្ទេច ។

ក្រោយបង្កគ្រោះថ្នាក់រួចមក អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសំចតនៅប៉ុស្តិ៍ចោមចៅ ៣ ហើយសពជនរងគ្រោះ សមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ស្វែងរកសាច់ញាតិ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត និងម៉ូតូ រួមទាំងអ្នកបើកបររថយន្ត ប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕

Telegram-Troryorng
Share.