ភ្នំពេញ៖ បុរសម្នាក់ស្លាប់ និងស្រ្តី 2 នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តស៊េរីទំនើបបើកល្បឿនបុករះម៉ូតូរម៉កពីរគ្រឿងតាមបណ្ដោយផ្លូវ 2004​ ។

ហេតុការនេះបានកើតឡើងនៅវេលាទៀបភ្លឺ ថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2022តាមបណ្ដោយផ្លូវ 2004 ក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីអ្នកដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្ត​ ម៉ាកអូឌី ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AZ-2550 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ 2004 ក្នុងល្បឿនលឿនទិសដៅពីកើតមកលិច លុះមកដល់ខាងមុខបន្ទាយទាហាន ក៏បានបុករម៉កម៉ូតូមួយគ្រឿង គ្មានស្លាកលេខ ដែលឈប់ចាំរ៉ឺម៉កមួយទៀតនៅខាងមុខរើសបន្លែដែលជ្រុះលើផ្លូវ បណ្ដាលឱ្យខ្ទាត់បន្លែរាយប៉ាយពេញផ្លូវ ដោយមិនទាន់អស់ល្បឿនរថយន្តក៏ជ្រុលទៅបុករ៉ឺម៉កមួយគ្រឿងទៀតដែលឈប់រើសបន្លែ បណ្ដាលឱ្យបន្លែរាយប៉ាយពេញផ្លូវបន្ថែមទៀត ហើយរថយន្តមិនទាន់ឈប់ទៀត និងរេចង្កូតទៅបុកដើមឈើ និងបង្កោលភ្លើងគៀបជាប់ ទើបទៅមុខលែងរួច។

សពជនរងគ្រោះមានឈ្មោះ ស៊ុយ វណ្ណៈ ភេទប្រុស អាយុ 40 ឆ្នាំ មានមុខរបរជាអ្នករកស៊ីលក់បន្លែនៅផ្សារ សេនជូរី និងមានស្រុកកំណើតនៅឯស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ឯស្ត្រី 2 នាក់ទៀតបានរងរបួសធ្ងន់ ដោយម្នាក់បាក់ជើង ម្នាក់ទៀតផុងលលាដ៏ក្បាល ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។ ជានៅពេលដែលរថយន្តសង្គ្រោះ ឈប់ចាំយកអ្នករងរបួស ក៏មានរថយន្តពាក់ស្លាកលេខ ខ.ម មួយគ្រឿងបើកមកបុករថយន្តសង្គ្រោះ រងការខូចខាតបន្តិចបន្តួចបន្ថែមទៀត។

បើតាមការបញ្ជាក់ពីម្ចាស់រថយន្ត ម៉ាកអូឌី ថាអ្នកបើកបរបានខ្ចីរថយន្តខ្លួនយកមកជិះ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងដូចនេះ។

ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះឃាត់ខ្លួនម្ចាស់រថយន្តបង្ក និងធ្វើការវាស់វែង រួចស្ទូចរថយន្តបង្ក និងរ៉ឺម៉កម៉ូតូរងគ្រោះយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះបន្ទាប់ពីធ្វើកំណត់ហេតុរួចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

Telegram-Troryorng
Share.