មណ្ឌលគិរី ៖ បុរសជាជនជាតិដើមភាគតិច ព្នង ម្នាក់ ស្លាប់ដោយសារដើមឈើកៀបសង្កត់លើ ខណៈដែលកំពុងអារ កាត់រំលំដើមឈើ កាលពីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចអូតូយ ស្ថិតក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

សពជនរងគ្រោះ មានឈ្មោះ សឿន សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិព្នង រស់ភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីមានស្រុកកំណើតភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

តាមការបំភ្លឺពីស្ត្រីជាប្រពន្ធជនរងគ្រោះ ឈ្មោះ សុផុន ស្រីថូ អាយុ២៣ឆ្នាំ ជាជនជាតិព្នងដូចគ្នាបានឲ្យដឹងថា ប្តីរបស់គាត់ (សព) បានទៅរំលំដើមឈើធ្វើចំការ តាំងពីថ្ងៃរសៀលម្លេះ បាត់យូរពេក ដល់វេលាម៉ោង៧និង៣០ នាទីយប់ ថ្ងៃដដែលទៅហើយ មិនឃើញប្តីវិលទៅផ្ទះ ក៏ដើរទៅតាមរកហៅ ស្រាប់តែប្រទះឃើញ ប្តីស្លាប់កៀបជាប់ ដើមឈើសង្កត់លើ ។រីឯរណាយន្តនៅជាប់គល់ឈើ ទើបដើរទៅរកកន្លែងមានសេវាទូរស័ព្ទ ប្រាប់ព័ត៌មានទៅអ្នកភូមិ ជួយគាស់លើយកសពចេញ ។

ករណីខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ គ្រូពេទ្យ ធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយសារដើមឈើសង្កត់កៀបស្លាប់ ហើយប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមពិធីសាសនា ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.