សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​រៀបចំ​ការ​ប្រកួត​កីឡា​អេឡិកត្រូនិក វិញ្ញាសា PUBG Mobile ដើម្បី​ត្រៀម​ខ្លួន​​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ កីឡា​ស៊ីហ្គេម ​លើកទី៣១ ឆ្នាំ​២០២១ នៅ​វៀតណាម និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ខាង​មុខ។

នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ​ ឆ្នាំ​២០២២ ព្រឹត្តិការណ៍​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​លើ​វិញ្ញាសា PUBG Mobile បាន​បញ្ចប់ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ផ្សារ​ទំនើប​អ៊ីអន​ពីរ​ក្រោម​វត្តមានលោក លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) សហការ​ជា​មួយ​ក្រុម​ហ៊ុន​ទូរសព្ទ Cellcard បាន​រៀប​​ចំ​​ព្រឹត្តិការណ៍​ប្រកួតស្តី​ពី«ដំណើរ​ឆ្ពោះ​ទៅ​​កីឡា​ស៊ីហ្គេម ​លើកទី៣១ ឆ្នាំ​២០២១ នៅ​វៀតណាម
និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា»ចាប់​​ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២​ដែល​មាន​ក្រុម​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ចំនួន​​១៦០​ក្រុម។

បើ​តាម​ការ​បញ្ជាក់​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត គោល​បំណងនៃ​​ការប្រកួត​គឺ​ជ្រើសរើស​ក្រុម​​លេខ​១ ដល់​​លេខ​៤​ លើ​វិញ្ញាសា PUBG Mobile ​ដើម្បី​សម្រឹត​សម្រឹង​​ចុង​ក្រោយ​សម្រាប់​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម។ ដូច្នេះ​មាន​ន័យ​ថា ជយលាភី​ទាំង​៤​នេះ​នៅ​មិន​ទាន់​មាន​ឈ្មោះ​ជា​ក្រុម​ជម្រើស​ជាតិ​ផ្លូវ​ការ​នៅ​ឡើយ​ទេ ប៉ុន្តែ​នឹង​មាន​ការ​​ជ្រើស​រើស​សមាជិក​ដែល​មាន​ជំនាញ​រៀង​ៗ​ខ្លួន​​ដើម្បី​បង្កើត​ជា​ក្រុម​ជម្រើស​ជាតិ។

សម្រាប់​ក្រុម​​ទទួល​បាន​ចំណាត់​ថ្នាក់​គឺ​លេខ១ Kill Enemy ទទួល​បាន​ទឹកប្រាក់​លើក​ទឹកចិត្ត ​៣៥០០​ដុល្លារ ក្រុម​លេខ​២ Angkor PUBGទទួល​បាន ២០០០​ដុល្លារ ក្រុម​លេខ៣ Samurai EES ទទួល​បាន ១០០០​ដុល្លារ និងលេខ​៤​ The Quarterទទួល​បាន ៥០០​ដុល្លារ។ ដោយ​ឡែក ក្រុម​ចំណាត់​ថ្នាក់​លេខ​៥​ដល់​១០ ទទួល​បាន​២០០​ដុល្លារ​ដូច​គ្នា ហើយ​ក្រុម​លេខ​១១​ដល់​១៦ ទទួល​បាន​១០០​ដុល្លារ​ដូច​គ្នា។

ព្រម​ជា​មួយ​គ្នា​នេះ សហព័ន្ធ​គ្រោង​បង្កើតគណៈកម្មាបច្ចេកទេសដើម្បីជ្រើសរើស គ្រូបង្វឹក និងកីឡាករជម្រើសជាតិ ​ដែល​ជា​​ផ្នែក​នៃ​​​ការ​អភិវឌ្ឍ បង្កើន​សមត្ថភាព បំផុស​បំផុល និង​ជំរុញ​​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដើម្បី​​ឲ្យ​រីក​ចម្រើន​ឈាន​ឡើង​លំដាប់​អន្តរជាតិ​​សម្រាប់​​ត្រៀម​ខ្លួន​ប្រកួត​​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ដែល​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

លោក លន់ សាមឌី អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​លើក​ទឹកចិត្ត​ដល់​ក្រុម​ជ័យលាភី​ឱ្យ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ត​ទៀត​ដើម្បី​ទទួល​បាន​ឱកាស​ចូលរួម​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រៀម​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នានា។

បន្ថែម​លើ​នេះ​ទៀត​នោះ ​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ នឹង​បញ្ជូន​មន្រ្តី អាជ្ញាកណ្តាល (ITO) និង​មន្ត្រី​បច្ចេកទេស ទៅ​ចូលរួមរៀបចំការប្រកួត​កីឡា​ស៊ីហ្គេម​ ឆ្នាំ​នេះ​​នៅវៀតណាម៕

Telegram-Troryorng
Share.