


សមាជិកក្រុមជម្រើសជាតិកម្ពុជា ហួយ ផល្លីន ដែលកំពុងប្រកបអាជីពនៅក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ Metfone Cambodian League 2021 ត្រូវបានជនអនាមិកបានក្លែងបន្លំប្រើប្រាស់គណនីហ្វេសប៊ុកក្លែងក្លាយ រិះគន់ទៅលើវិស័យបាល់ទាត់របស់ប្រទេសវៀតណាម។
ខ្សែបម្រើរូបនេះបានបញ្ជាក់នៅលើហ្វេសប៊ុកខ្លួនក្រោយឃើញមានហេតុការនេះថា៖«ខ្ញុំបាទកីឡាករជម្រើសជាតិកម្ពុជា ហូយ ផល្លីន ខ្ញុំបាទសូមធ្វើការបដិសេធព័ត៌មានមិនពិតប្រាដមួយ ដែលបានចុះផ្សាយនៅក្នុងប្រទេសវៀតណាម ដែលចោទប្រកាន់មកលើរូបខ្ញុំថានិយាយប៉ះពាល់ដល់វិស័យកីឡាបាល់ទាត់របស់គេ»។



ឆ្លើយតមមកកាន់ក្រុមការងារ«ត្រយង» កីឡាកររូបនេះប្រាប់ថា៖«ខ្ញុំមិនបានដឹងរឿងអ្វីទេ ហើយក៏មិនថាគេនិយាយអ្វីអាក្រក់ខ្លះដែរ ទើបតែខាងបងៗធ្វើការនៅសហព័ន្ធប្រាប់មកទើបដឹងរឿងនេះ។ ប្រហែលមានអ្នកប្រើប្រាស់អាខោន Fake ហើយធ្វើសកម្មភាពនេះ ដោយទំលាក់កំហុសមកខ្ញុំ។ ពេលនេះខាងបងៗនៅសហព័ន្ធគាត់ជួយដោះស្រាយជាមួយភាគីនៅវៀតណាម ដើម្បីបញ្ជាក់ឱ្យបានច្បាស់ផងដែរ»។
«ក្រោយហេតុការណ៍នេះមានខាងសារព័ត៌មានវៀតណាម គាត់បានសម្ភាសន៍ខ្ញុំដែរ តែខ្ញុំបានបកស្រាយអស់ហើយ ថាខ្ញុំមិនបាននិយាយអ្វីប៉ះពាល់ដល់ខាងណាទាំងអស់»។ ហូយ ផល្លីន បញ្ជាក់៕


