រយៈ​ពេល​៥​ឆ្នាំ​ហើយ​ដែល​ផលិតកម្ម​ YG មិន​បាន​បញ្ចេញ​ក្រុម​ចម្រៀង​ស្រី​ថ្មី​ៗ​វាយលុក​ទីផ្សារ​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ផលិតកម្ម​នេះ​កើត​ចិត្ត​ក្ដៅក្រហាយ​ជំនួស​ក្មេងៗ​កំពុង​តែ​ហ្វឹកហាត់​នៅ​ក្នុង​ផលិតកម្ម​នេះ​។ ​យោង​តាម​គេហទំព័រ​ KOREABOO ក្នុង​ចំណោម​ក្មេង​ៗ​ជា​ច្រើន​នាក់​ដែល​បាន​ចូល​ហ្វឹកហាត់​ មាន​អតីត​ក្មេង​ហ្វឹកហាត់​​ចំនួន​៥​នាក់​បាន​ចេញ​មក​ទម្លាយ​ពី​មូលហេតុ​ដែល​ខ្លួន​ចាកចេញ​ពី​ផលិតកម្ម​មួយ​នេះ​ដោយ​សារ​តែ​កត្តា​ពុករលួយ​និង​ស៊ី​សំណូក​។​

១. Han Byul

តារា​​កូន​កាត់​កូរ៉េ​និង​ស្វីស​ Han Byulបច្ចុប្បន្ន​កំពុង​តែ​ប្រកួត​ក្នុង​កម្មវិធី​ ​​CAP-TEEN របស់​ទូរទស្សន៍​​ Mnet។ ​មុន​ពេល​ចូល​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ​ ​ក្មេង​ស្រី​រូប​នេះ​ជា​ក្មេង​ហ្វឹកហាត់​ដែល​ល្បី​ខ្លាំង​បំផុត​មួយ​ស្ថិត​ក្រោម​ផលិតកម្ម​ YG Entertainment។ ​នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដក​ស្រង់​ពី​កម្មវិធី​ CAP-TEEN នោះ​ Han Byul បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ទោះ​ជា​នាង​គឺ​ជា​ក្មេង​ហ្វឹកហាត់​នៅ​ក្នុង​ក្រុមហ៊ុន​ចាប់​តាំង​ពី​អាយុ​១២​ឆ្នាំ​ តែ​ទី​បំផុត​នាង​នៅ​តែ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុមហ៊ុន​កាល​ពី​ឆ្នាំ​មុន​ព្រោះ​នាង​ដឹង​ថា​នាង​មិន​អាច​ចេញ​បទ​ប្រឡូក​ក្នុង​នាម​ជា​តារា​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម​នេះ​បាន​ទេ​ដោយ​សារ​តែ​ពេលវេលា​ចេះ​តែ​ពន្យារ​ ដែល​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ថា​ខ្លួន​បាត់​បង់​ការ​តាំង​ចិត្ត​និង​គ្មាន​តម្លៃ​នៅ​ក្រោម​ដំបូល​ផលិតកម្ម​មួយ​នេះ​ ទីបំផុត​នាង​ក៏​សម្រេច​ចិត្ត​ចាកចេញ​តែ​ម្ដង​។​ នៅ​ក្នុង​កំឡុង​ពេល​ហ្វឹកហាត់​នាង​ចេះ​តែ​ឆ្ងល់​ថា​ «តើ​ខ្ញុំ​នៅ​ទីនេះ​ធ្វើ​អ្វី​?​ ខ្ញុំ​គិត​ថា​នៅ​ទីនេះ​ខ្ញុំ​គ្មាន​តម្លៃ​ទេ​»

២. MAYDONI

កាល​ពី​ឆ្នាំ​២០១៩​ តារា​ចម្រៀង​ទោល​ MAYDONI បាន​ផុស​វីដេអូ​លើ​យូធូប​ដោយ​ប្រើ​ចំណង​ជើង​ថា​ «ខ្ញុំ​គិតថា​ពួក​គេ​ជា​គ្រួសារ​ខ្ញុំ​ តែ​នេះ​ជា​មូលហេតុ​ខ្ញុំ​ចាកចេញ​ពី​ YG​»។ ​នៅ​ក្នុង​ករណី​របស់​ MAYDONI បញ្ហា​របស់​នាង​ជាមួយ​នឹង​ក្រុមហ៊ុន​គឺ​រឿង​ពុករលួយ​និង​សំណូក​។​ យោង​តាម​ការ​ឱ្យ​ដឹង​ពី​អតីត​ក្មេង​ហ្វឹកហាត់​រូប​នេះ​ ថា​ ​ក្មេង​មក​ពី​គ្រួសារ​អ្នក​មាន​ស្រាប់​តែ​ចូលរួម​ក្នុង​ក្រុមហ៊ុន​ខណៈ​ដែល​នាង​កំពុង​ហ្វឹកហាត់​នៅ​ទីនោះ​។ បុគ្គលិក​ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ក្មេង​ដែល​មក​ពីគ្រួសារ​អភិជន​។ ក្រោយ​មក​នាង​បាន​រក​ឃើញ​ថា​ក្មេង​អ្នក​មាន​នោះ​បាន​យក​ស្រា​ទំពាំងបាយជូ​ដ៏​ថ្លៃ​មក​ពី​បរទេស​ដើម្បី​សូក​បុគ្គលិក​ក្នុង​ផលិតកម្ម​។​ នាង​បាន​និយាយ​ទៀត​ថា​អ្នក​ហ្វឹកហាត់​មាន​លុយ​មានឱកាស​ច្រើន​ជាង​អ្នក​ហ្វឹកហាត់​យូរ​ឆ្នាំ​ ព្រោះ​បុគ្គលិក​បាន​ច្រាន​នាង​ចោល​ដើម្បី​ទុក​ផ្លូវ​ឱ្យ​សិស្ស​ប្អូន​ដែល​ចូលរួម​ក្នុង​ក្រុមហ៊ុន​ក្រោយ​នាង​ជា​ច្រើន​ឆ្នាំ​។ ដូច្នេះ​មិន​ប្លែក​ទេ​ដែល​នាង​បាត់បង់​ជំនឿ​ចិត្ត​ព្រោះ​តែ​រឿង​នេះ​។​ MAYDONI បាន​ទម្លាយ​ទៀត​ថា​ YG Entertainment ថែម​ទាំង​រឹត​បន្តឹង​លើ​នាង​យ៉ាង​តឹងរ៉ឹង​ថែម​ទៀត​បើ​សិន​ជា​នាង​ចង់​មាន​ឱកាស​បាន​ប្រឡូក​ចូល​សិល្បៈ​។​ នាង​ត្រូវ​បាន​គេ​ឱ្យ​សម្រក​ទម្ងន់​នៅ​សល់​ត្រឹម​៣៨​គីឡូ​ ហើយ​ថែម​ទាំង​ត្រូវ​បាន​គេ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជែង​ជាមួយ​នឹង​អ្នក​ហ្វឹកហាត់​ផ្សេង​ជាជាង​មិត្តភាព​។

៣. Woong (AB6IX)

សព្វ​ថ្ងៃ​នេះ​ អ្នក​ប្រហែល​ជា​ស្គាល់​ Woong ក្នុង​នាម​ជា​តារា​ចម្រៀង​នាំ​មុខ​ក្រុម​ AB6IX និង​ជា​ប្រធាន​ផ្នែក​រាំ​ក្នុង​ក្រុម​។ ប៉ុន្តែ​មុន​នឹង​ចូលរួម​ជាមួយ​ Brand New Music តារា​រូប​នេះ​ក៏​ជា​អ្នក​ហ្វឹកហាត់​ក្រោម​ផលិតកម្ម JYP​, Woollim, និង​ ​YG ​​។ ក្រោយ​ក្លាយ​ជា​អ្នក​ហ្វឹកហាត់​ក្នុង​ Brand New Music រួច Woong បាន​បង្ហើប​ឱ្យ​ដឹង​ថាគេ​មិន​បាន​ចាកចេញ​ពី​ YG Entertainment ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ទេ​។ នៅ​ក្នុង​វីដេអូ​ឃ្លីប​គេ​បាន​និយាយ​ថា​ អគ្គនាយក​ផលិតកម្ម​លោក​ Yang Hyun Suk ស្រាប់​តែ​ខល​មក​គេ​ហើយ​ប្រាប់​គេ​ថា​ «ក្រោយ​ពី​​វាស់​ស្ទង់​សមត្ថភាព​​ខែ​នេះ​រួច​ Woong មិន​ចាំបាច់​មក​កាន់​ផលិតកម្ម​​ហ្វឹកហាត់​ទៀត​នោះ​ទេ​»។ ​Woong បាន​ប្រាប់​ឱ្យ​ដឹង​ថាពេល​នោះ​គេ​បាន​យំ​ជា​ខ្លាំង​ចំពោះ​រឿង​ដែល​បាន​កើត​ឡើង​ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​​អ្នក​គាំទ្រ​ AB6IX បាន​ដឹង​ហើយ​ថា​ YG ខាត​ធំ​ណាស់​ដែល​បោះបង់​ Woong ។

៤. Han Hyun Soo

មិត្តភក្តិ​ជិត​ស្និត​របស់​ G-Dragon និង​ Taeyang គឺ​ Han Hyun Soo ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​គឺ​ជា​ក្ដី​រំពឹង​នៃ​ភាព​ជោគជ័យ​សម្រាប់​ BIG BANG ពេល​ដែល​គេ​នៅ​ហ្វឹកហាត់​ក្រោម​ផលិតកម្ម​ YG កាល​ពី​​កំឡុង​ឆ្នាំ​២០០០​ ប៉ុន្តែ​មុន​ពេល​បាន​ប្រឡូក​ចូល​សិល្បៈ​ Han Hyun Soo បាន​លុប​កុងត្រា​ចោល​ដោយ​សារ​តែ​ក្ដី​បំណង​របស់​ឪពុក​ម្ដាយ​របស់​គេ​។ ចំពោះ​រឿង​នេះ​មិន​​ដឹង​ថា​មក​ពី​ឪពុក​ម្ដាយ​របស់​គេ​មាន​បញ្ហា​អ្វី​ជាមួយ​នឹង​ YG ឬ​អត់​ ព្រោះ​ពួក​គាត់​បាន​ប្រឆាំង​នឹង​ផ្លូវ​ដើរ​របស់​ Han Hyun Soo ហើយ​ទទូច​ឱ្យ​គេ​ត្រលប់​ទៅ​សាលា​​​​ខិតខំ​រៀន​វិញ​។ ទី​បំផុត​ Han Hyun Soo បាន​ទៅ​សិក្សា​ហើយ​រៀន​ជំនាញ​​សិល្បៈ​នៅ​សកល​ Hanyang University ​បាន​ក្លាយ​ជា​ Designer ​ហើយ​គេ​តែង​តែ​គាំទ្រ​និង​លើក​ទឹកចិត្ត​មិត្ត​តារា​របស់​គេ​រហូត​មក​។​

៥. Euna Kim

មុន​ពេល​ប្រឡូក​ចូល​សិល្បៈ​ក្នុង​នាម​ The Ark ហើយ​ក្រោយ​មក​ជា​តារា​គូ​ KHAN ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ Euna Kim គឺ​ជា​ក្មេង​ដែល​មាន​ភាព​លេចធ្លោ​ក្នុង​ចំណោម​ក្មេង​ហ្វឹកហាត់​ទាំងអស់​។​ នាង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូលរួម​ក្នុង​ក្រុម​ PINK PUNK ក្រុម​ចម្រៀង​ស្រី​ដែល​ត្រូវ​បាន​ប្រែ​ឱ្យ​ទៅ​ជា​ BLACKPINK ​បច្ចុប្បន្ន​ ប៉ុន្តែ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល​ដែល​នាង​ចាកចេញ​ពី​ YG នៅ​ឆ្នាំ​២០១៣​។​

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​ Star News នាង​បាន​ពន្យល់​ថា​នាង​ចាក​ចេញ​ពី​ YG ព្រោះ​ការ​ប្រកួតប្រជែង​មាន​កម្រិត​មួយ​ពេក​សម្រាប់​នាង​ ដោយ​សារ​នៅ​ទីនោះ​សំបូរ​ក្មេង​ៗ​ដែល​មាន​សមត្ថភាព​ដូច្នេះ​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ខ្វះខាត​និង​តូច​ទាប​។ នាង​ថែម​ទាំង​ធ្លាប់​ចោទ​ជា​សំនួរ​ដាក់​ខ្លួន​ឯង​ទៀត​ថា​ តើ​ការ​ច្រៀង​ពិត​ជា​ស័ក្ដិសម​សម្រាប់​នាង​មែនទេ​?​ នាង​គិត​ថា​​ខ្លួន​គ្មាន​ទេពកោសល្យ​។​ ក្រោយ​ចាកចេញ​ពី​ YG នាង​បាន​ត្រលប់​ទៅ​អាមេរិក​សិក្សា​បន្ត​ ប៉ុន្តែ​នាង​បាន​ត្រលប់​មក​ប្រទេស​កូរ៉េ​វិញ​ដើម្បី​ចាប់​ផ្ដើម​ក្ដី​សុបិន​ជា​ថ្មី​។

Share.