នៅថ្ងៃនេះ មានស្ត្រីម្នាក់ដែលជាអ្នកចាក់វ៉ាក់សាំងលេខរៀងទី២លាននិងបានទទួលថវិកាពីសម្តេចតេជោនាយករដ្ឋមន្ត្រី ចំនួន ១០លានរៀល។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា ថ្ងៃនេះ១៤ ខែ ឧសភា ២០២១ យើងរកឃើញមនុស្សទី២លាន ឈ្មោះ ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។

ស្ត្រីរូបនេះ ទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង។

សម្តេចបានបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាអោយល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។

ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន២លាននាក់ស្មើនឹង២០ភាគរយរួចទៅហើយ៕

Share.