ពានរង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន លើក​ទី១៦ ឆ្នាំ​២០២២ (Hun Sen Cup) កំពុង​ដំណើរការ​ប្រកួត​ជម្រុះ​ជើង​ឯក​ថ្នាក់​ខេត្ត​ប្រចាំ​ពូល ខណៈ​គិត​ត្រឹម​ពេល​នេះ​ដំណើរការ​ប្រកួត​​បាន​១៨គូ​ហើយ​ក្នុង​ចំណោម​៤ពូល។

​ខ្សែ​ប្រយុទ្ធ លី ស៊ុបយ៉ានី ពាក់លេខ៩ របស់​ក្រុម​ខេត្ត​កំពត (រូបថត៖Footballer Of Kampot Province)

រហូត​មក​ទល់​ពេល​នេះ​ប៉ុន្តែ​មាន​កីឡាករ​ថ្មី​​មួយ​រូប​បាន​បំបែក​កំណត់ត្រា​អ្នក​ចាស់​ចំនួន២រឿង ក្នុង​ប្រកួត​តែមួយ គឺ​ក្នុង​នាម​ជា​អ្នក​រកគ្រាប់​បាល់​បាន​លឿង​ជាងគេ​ផង និង​​ជា​អ្នក​ទទួល​ងារ​ជា​កីឡាករ​ល្អ​ជាងគេ (Man Of The Match) នៅ​ក្នុង​ប្រកួត​​តែ​មួយ​នោះ​ផង​ដែរ។

អ្នក​បំបែក​កំណត់ត្រា​ថ្មី​នោះ​គឺ​ខ្សែ​ប្រយុទ្ធ លី ស៊ុបយ៉ានី របស់​ក្រុម​ខេត្ត​កំពត បាន​បំបែក​កំណត់ត្រា​​កីឡាករ​ ជឿន ភារិន របស់​ក្រុម​ខេត្ត​ឧត្តរមានជ័យ។ ស៊ុបយ៉ានី ​​រក​គ្រាប់​បាល់​លឿង​ជាង​គេ​ពោល​គឺ​ប្រើ​ពេល​ត្រឹម​៣នាទី​ប៉ុណ្ណោះ ក្រោយ​លោក​អាជ្ញាកណ្ដាល ពង្ស កែវទុំទឿន ផ្លុំ​កញ្ចែ​ចាប់​ផ្ដើម​ការប្រកួត​ទល់​នឹង​ក្រុម​ភ្ញៀវ​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​តាកែវ នៅ​វេលា​ម៉ោង​៣រសៀល​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ លើ​ទីលាន​​កីឡដ្ឋាន​ខេត្ត​កំពត​ប្រចាំ​ពូល​ក។

នៅ​ប្រកួត​ជាមួយ​គ្នា​នោះ​ដែរ​​ម្ចាស់​អាវ​លេខ​៩ កីឡាករ លី ស៊ុបយ៉ានី ជា​​កីឡាករ​១រូប​ក្នុង​ចំណោម​​​៧រូប ដែល​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ (Man Of The Match) ផង និង​ជា​អ្នក​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ឱ្យ​ក្រុម​ផង​​នៅ​ក្នុង​ប្រកួត​តែ​មួយ។

ចំណែក​កីឡាករ​ ជឿន ភារិន របស់​ក្រុម​ឧត្តរមានជ័យ ជា​ម្ចាស់​កំណត់ត្រា​ចាស់​ រក​គ្រាប់​បាល់​បាន​នៅ​នាទី​ទី៤ ក្នុង​ពេល​ជួយ​ក្រុម​ខ្លួន​ប្រកួត​ទល់​ក្រុម​ភ្ញៀវ​ខេត្ត​បាត់ដំបង នៅ​ទីលាន​វិទ្យាល័យ​តេជោសែន សំរោង ក្នុង​ក្រុង​សំរោង កាល​ពី​ថ្ងៃ១៦​ខែ​កុម្ភៈ ឆ្នាំ​២០២២ ប្រចាំ​ពូល​គ។ នៅ​ក្នុង​ការ​ប្រកួត​នោះ​ដែរ​កីឡាករ ខ្សែ​ប្រយុទ្ធ​ស្លាកលេខ​១៤រូប​នេះ​ក៏​ជាប់​ជា​កីឡាករ​ល្អ​ ប្រចាំ​ការ​ប្រកួត​ផង​ដែរ ខណៈ​ប្រកួត​កាល​នោះ​លទ្ធផល​នៃ​ក្រុម​ទាំង​២​ស្មើ​គ្នា ២ទល់២។

គិត​ត្រឹម​ពេល​នេះ​ក្នុង​ចំណោម​១៨ប្រកួត នៃ​​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ ជើង​ឯក​ថ្នាក់​ខេត្ត​ មាន​ទស្សនិជន​ចូល​ទស្សនា​សរុប​បាន​ប្រមាណ​ជាង​១ម៉ឺន​នាក់​ហើយ ខណៈ​ដែរ​គ្រាប់​បាល់​កើន​ឡើង​​៥២គ្រាប់ កាត​លឿង​ចំនួន​៦២​សន្លឹក កាត​ក្រហម២សន្លឹក។ ឬទ្ធិសែន ជា​ក្រុម​​តែ​១ប៉ុណ្ណោះ ដែល​មិន​ទាន់​មាន​ការ​ពិន័យកាតលឿង ឬ កាត​ក្រហម បើ​ធៀប​នឹង​ក្រុម​១៦ផ្សេង​ទៀត​សុទ្ធ​តែ​មាន​ការ​ពិន័យ​រូចរាល់​ហើយ។

កីឡាករ វ៉ាត ម៉ាត់មូស្លីម របស់​ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី និង​កីឡាករ អ៊ិន (អ៊ុង) វិសាល របស់​ក្រុម​ស្វាយរៀង ក្នុង​ពូល ក ស្ថិត​ក្នុង​​កំពូល​តារាង​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ដោយ​​រក​បាន​៣គ្រាប់​ម្នាក់។

សម្រាប់​ប្រកួត​បន្ទាប់​នៅ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០២២ មាន៖
*ពូល A
-កំពតអែហ្វស៊ី ប៉ះ កំពង់ស្ពឺ នៅ​កីឡដ្ឋាន​ខេត្ត​កំពត
-ព្រះសីហនុ ប៉ះ ខេត្ត​កែប នៅទីលាន​វិទ្យាល័យ​សម្តេច​ឪ
*ពូល B
-ភ្នំពេញហ្គាឡាក់ស៊ី ប៉ះ ខេត្ត​កណ្ដាល នៅ​វិទ្យាល័យ​ច្បារអំពៅ
-ខេត្ត​កំពង់ចាម ប៉ះ ខេត្ត​ស្វាយរៀង នៅ​វិទ្យាល័យ​ព្រះសីហនុ

Telegram-Troryorng
Share.