Loung Ung ម្ចាស់​ស្នាដៃ​និពន្ធ​សៀវភៅ​​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លា.ប់​ឪពុក​ខ្ញុំ​» ដែល​ជា​ស្នាដៃ​ត្រូវ​បាន​កំពូល​តារា​ហូលីវូដ​ លោក​ស្រី​ Angelina Jolie លើក​យក​មក​ផលិត​ជា​ភាពយន្ត​ខ្នាតធំ​ គ្រាន់​តែ​មក​ដល់​ទឹក​ដី​កំណើត​ភ្លាម​ ស្ត្រី​រូប​នេះ​បាន​ពោល​ពាក្យ​ខ្លី​ ប៉ុន្តែ​​​ប្រកប​ដោយ​អត្ថន័យ​និង​ខ្លឹមសារ​។

សូម​ចុច​អាន​ វត្តមាន​​ Angelina Jolie ជា​សារ​​សំខាន់​មួយ​​​បញ្ជាក់​ថា​កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព!

នៅ​ក្នុង​ដំណើរ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​វត្តមាន​របស់​លោក​ស្រី​ Angelina Jolie នៅ​ទឹកដីអង្គរ​ក្នុង​​បេសកកម្ម​ដ៏​សំខាន់​មួយ​គឺ​ពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី «Women for Bees» ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ​ សាធារណជន​ ក៏មាន​ការ​ចាប់​អារម្មណ៍​ ចំពោះ​ការ​បង្ហាញ​ខ្លួន​របស់​លោក​ស្រី​ អ៊ឹង លួង រួម​ជាមួយ​នឹង​លោក​ស្រី​ Angelina Jolie ផង​ដែរ​។

យ៉ាង​ណា​មិញ​លោក​ស្រី​ អ៊ឹង លួង​ ដែល​បាន​បែក​ពី​មាតុភូមិ​កំណើត​ចំនួន​ ៥​ឆ្នាំ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខ្លួន​លើ​បណ្ដាញ​សង្គម​ថា​ «Chump reap sur from Cambodia! After five years of missing Srok Khmer I am finally back!» ឬ​ «ជំរាបសួរ​ ពី​ប្រទេសកម្ពុជា​! ក្រោយ​នឹក​ដល់​ស្រុក​ខ្មែរ​ ៥​ឆ្នាំ​ ​ទី​បំផុត​ខ្ញុំ​បាន​​ត្រលប់​មក​ដល់​វិញ​ហើយ​។» នេះ​គឺជា​ការ​លើក​ឡើង​​ដំបូង​របស់​លោក​ស្រី​ នៅ​លើ​បណ្ដាញ​សង្គម​កាល​ពីថ្ងៃ​២២​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​។

បន្ទាប់​ពី​ផុស​សំនេរ​ខាង​លើ​​នៅ​ព្រឹក​ព្រលឹម​រួច​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​លោក​ស្រី​បាន​បន្ត​ផុស​ពាក្យ​ពេចន៍​មួយ​ខ្លី​តែ​​ប្រកប​ទៅ​ដោយ​អត្ថន័យ​ថា​ «Yes, Angkor Wat is that magical, stunning, amazing, spectacular!!!!» ឬ​ «ចាស, ប្រាសាទ​អង្គរ​វត្ត​ មើល​ទៅ​វិសេសវិសាល​ ទាក់​ទាញ អស្ចារ្យ​ ហើយ​ស្រស់​ស្អាត​»

ការ​លើក​ឡើង​របស់​ស្ត្រី​ឆ្នើម​ខាង​និពន្ធ​រូប​នេះ​​​ពិត​ជា​មិន​ខុស​នោះ​ ព្រោះ​ប្រាសាទ​អង្គរវត្ត​មិន​ត្រឹម​តែ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​កុលបុត្រ​បន្ត​​ជំនាន់​ក្រោយ​ប៉ុណ្ណោះ​ទេ​ ដែល​​ស្ញប់ស្ញែង​ពី​ភាព​អស្ចារ្យ​របស់​ប្រាង្គប្រាសាទ​ថ្ម​ ប៉ុន្តែ​ជន​បរទេស​ជា​ច្រើន​​រូប​ដែល​បាន​មក​ដល់​ទឹក​ដី​សុវណ្ណភូមិ​ ក៏​បង្ហាញ​ចំណាប់​អារម្មណ៍​និង​ការ​យល់​ឃើញ​​មិន​ខុស​ពី​លោក​ស្រី​​ អ៊ឹង លួង​ ដែរ​ ដូច​មាន​ការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​បរទេស​ ឬ​​បញ្ចូល​ទៅ​ក្នុង​សៀវភៅ​មគ្គុទេ្ទស​ទេសចរណ៍​លំដាប់​អន្តរជាតិ​​​ជា​ច្រើន​៕

ប្រភព៖ Loung Ung

Telegram-Troryorng
Share.