គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទះ Ganzberg Special Volleyball League 2022 បាន​ប្រកាស​ជ្រើសរើស​​ក្រុម​​ដណ្តើម​យក​ជើង​ឯក​​ប្រចាំ​ឆ្នាំ ខណៈ​ការប្រកួត​គ្រោង​ដំណើការ​រយៈពេល​៤ខែ ដោយ​ចាប់​ពី​ខែ​​មីនា ដល់​ខែ​កក្កដា ឆ្នាំ​២០២២ ឯណោះ។

លោក ប៉េង សុវណ្ណណូ ប្រធាន​ប្រតិបត្តិ​គណៈកម្មការ Ganzberg Special Volleyball League 2022 បាន​​លើក​ឡើង​នៅ​ក្នុង​សន្និសីទសារព៌តមាន​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​​ថា​ពានរង្វាន់​នេះ​ជា​ការ​ប្រកួត​លក្ខណៈ​លីគ​បាល់ទះ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​ទទួល​បាន​គាំទ្រ​ពី​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា។ គោលបំណង​នៃ​ការ​រៀបចំ​កម្មវិធី​ប្រកួត​នេះ​គឺ​ចង់​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទះ​ឱ្យ​កាន់​តែ​រីកចម្រើន​បន្ថែម​ទៀត ក៏​ដូចជា​ពង្រឹង​សមត្ថភាព​របស់​កីឡាករ​និង​ដកស្រង់​បច្ចេកទេស​ពី​បណ្តា​ក្រុម​កីឡា​បាល់ទះ​តាម​ខេត្ត​និង​ក្រុម ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ថ្នាក់​អន្តរជាតិ​នា​ពេល​ខាង​មុខ។

កម្មវិធី​ប្រកួត​ប្រជែង​ដណ្តើម​ពានរង្វាន់ Ganzberg Special Volleyball League 2022 នេះ​រៀបចំ​នៅ​ទីលាន​បាល់ទះ​វិសាខា ដោយ​កំណត់​យក​ក្រុម​ចូលរួម​ចំនួន១២​ក្រុម ព្រម​ទាំង​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២២ ខណៈ​កាលបរិច្ឆេទ​នៃ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២២។ ការ​ប្រកួត​នេះ​មាន​លក្ខណៈ ៤ទល៤។

បើ​តាម​លោក ទែន ឡន ប្រធាន​អនុ​គណៈកម្មការ​បច្ចេកទេស​បាន​បញ្ជាក់​ថា​ការ​ប្រកួត​នេះ​កំណត់​ឱ្យ​ក្រុម​ទាំង​១២​ប្រកួត​វិលជុំ ហើយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​ចំនួន​៤ ក្រុម​នឹង​ត្រូវ​ប្រកួត​ខ្វែង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បន្ត​ដល់​វគ្គ​​ផ្ដាច់ព្រ័ត្រ​យក​​ជើង​ឯក ប្រចាំ​ឆ្នាំ​តែ​ម្តង។

លោក Franz Josef Brune Brew ជា​តំណាង​របស់​ក្រុមហ៊ុន Ganzberg Beer បាន​​ថ្លែង​អំណរគុណ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​របស់​លោក ​​ចូលរួម​​ក្នុង​​ព្រឹត្តិការណ៍ Ganzberg Special Volleyball League 2022 ដែល​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​វិស័យ​កីឡា​បាល់ទះ​កម្ពុជា ឱ្យ​កាន់​តែ​កក្រើក​ថែម​ទៀត មុន​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២២ ខាង​មុខ។

លោក​បណ្ឌិត​ អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ចាត់​ទុក​ថា​នេះ​ជា​ការ​ចូលរួម​អភិវឌ្ឍន៍​និង​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទះ​ឱ្យ​កាន់​តែ​រីកចម្រើន​​បន្ថែម​ទៀត។ លោក​សង្ឃឹម​ថា​វិស័យ​កីឡា​បាល់ទះ​នៅ​កម្ពុជា ​នឹង​កាន់​តែ​ទទួល​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ជា​ពិសេស​នឹង​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ថ្នាក់​ជាតិ​និង​អន្តរជាតិ។

សម្រាប់​ក្រុម​​ដែល​ឈ្នះ​ជើង​ឯក Ganzberg Special Volleyball League 2022 នឹង​ទទួល​បាន​ទឹកប្រាក់ ២០លាន​រៀល លេខ​២ ទទួល​បាន​៨លាន​រៀល លេខ​៣ទទួល​បាន​៤លាន​រៀល។ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​ផ្ដល់​រង្វាន់សម្រាប់​កីឡាករ​ជា​ឯកត្តជន​ដែល រួម​មាន​​កីឡាករ​ធ្វើ​រនាំ​ល្អ វាយប្រយុទ្ធ​ល្អ​ជាងគេ វាយ​សេវា​ល្អ​ជាង​គេ កីឡាករ Fair Play ម្នាក់​៨០ម៉ឺន​រៀល​ផង​ដែរ។ ជាមួយ​គ្នា​នោះ​ដែរ​សម្រាប់​ក្រុម​ដែល​បាន​ដាក់​ពាក្យ​ចួលរួម​នឹង​ទទូល​បានប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ចំនួន​៤លាន​រៀល​ក្នុង​១ក្រុម​ផង​ដែរ។

សម្រាប់​ក្រុម​ដែល​មាន​ចំណាប់អារម្មណ៍​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង សូម​ទាក់ទង​ព័ត៌មាន​បន្ថែម​តាម​លេខ​ទូរស័ព្ទ ០៩៨ ២២៩ ២៩២/ ០៩២ ៥៨០ ២០១/ ០៦១ ៨៩៦ ២៨៨ ឬ អាច​ធ្វើការ​ស្កេន​ដើម្បី​ទទួល​បាន​ពាក្យ​ស្នើសុំប្រកួត៕

Telegram-Troryorng
Share.