គិត​ត្រឹម​ពេល​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​តំបន់​អាស៊ាន AFF U23 Championship 2022 នៅ​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ ដោយ​ក្នុង​នោះ​​ថៃ ត្រូវ​ប៉ះ​​វៀតណាម។

ថៃ ប៉ះ វៀតណាម ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​កន្លង​ទៅ​នៅ​កីឡដ្ឋាន​ព្រីនស៍

មុន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​វៀតណាម ជាមួយ​ក្រុម​លេខ១​​មក​ពី​ពូល C ហើយ​បាន​យក​ឈ្នះ​លើ​ក្រុម​លេខ១ពូល A ទីម័រខាងកើត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​​បាល់​ប៉េណាំងទី​កាត់​សេចក្ដី​៥ទល់៣ ក្រោយ​ប្រកួត​ស្មើ​គ្នា​០ទល់០ នៅ​ម៉ោង​ប្រកួត​ពេញ ខណៈ​ក្រុម​ថៃ វិញ​ជា​ក្រុម​លេខ​២​ពូល C បាន​យក​ឈ្នះ​ក្រុម​លេខ១​ពូល B ឡាវ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ២ទល់០។ ការប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ដោយ​ឡែក​កម្មវិធី​ប្រកួត​ចុងក្រោយ​​ត្រូវ​ធ្វើ​ឡើង​នៅ​​ថ្ងៃសៅរ៍ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ទៀត​ដោយ​វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣ ឡាវ ជួប​ជាមួយ​ទីម័រខាងកើត វេលា​ម៉ោង​៤ល្ងាច ហើយ​ក្រុម​ថៃ ប៉ះ វៀតណាម វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ម៉ោង​៧:៣០នាទី​យប់។

នេះ​ជា​លើក​ទី៣ហើយ​ដែល​ពានរង្វាន់​នេះ​បង្កើត​ឡើង ហើយ​នេះ​ជា​លើក​ទី៣​ហើយ​សម្រាប់​ក្រុម​ថៃ ដែល​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៥ ធ្វើ​ឡើង​នៅ​​កីឡដ្ឋាន Suphachalasai Stadium ក្នុង​រាជធានី​បាងកក ក្រុម​នេះ​ជា​ម្ចាស់​ជើង​ឯក ក្រោយ​យក​ឈ្នះ​សិង្ហបុរី វគ្គ​ផ្ដាច់ព្រ័ត្រ។ លើក​ទី២​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ក្រុម​ថៃ បាន​ចាញ់​ឥណ្ឌូណេស៊ី ២ទល់១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ឆ្នាំ​២០១៩។

ងាក​ទៅ​ក្រុមវៀតណាម វិញ​​បាន​ព្យាយាម​យក​កីឡាករ​មក​បង្រ្គប់​កៅអី​ដែរ ប៉ុន្តែ​នៅ​តែ​ខ្វះ​ខាត​ព្រោះ​ថា​ក្រុម​មួយ​នេះ​មាន​កីឡាករ​វិជ្ជមាន​កូវីដ-១៩ ច្រើន​នាក់។ ជាក់ស្តែង​ប្រកួត​ជម្រុះ​តាម​ពូលជាមួយ​ថៃ ក្រុម​នេះ​មាន​កីឡាករ​បម្រុង​តែ​៥នាក់​ប៉ុណ្ណោះ ក្រោយ​ជ្រើសរើស​កីឡាករ​១១នាក់​ចូល​ប្រកួត ហើយ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ទល់​ទីម័រខាងកើត ក្រុម​នេះ​មាន​កីឡាករ​បម្រុង​តែ​២នាក់​ប៉ុណ្ណោះ៕

Telegram-Troryorng
Share.