កីឡដ្ឋាន​ព្រីនស៍ ជា​ទីលាន​១ក្នុង​ចំណោម​២​ដែល​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​ពានរង្វាន់​បាល់ទាត់​អន្តរជាតិ​កម្រិត​អាស៊ាន AFF U23 Championship 2022 ដោយ​ឆ្លងកាត់​៥គូ​មក​នេះ​ក្រុម​ទាំង​សង​ខាង​បាន​ទាត់​ចូលទី​គ្នា​ទៅមក​ចំនួន​១៥គ្រាប់។

ក្រោយ​ចប់​ការ​ប្រកួត​​កម្រិត​អន្តរជាតិ​​ផ្លូវការ​នៅ​ទីលាន​ខ្លួន​ក្លិប​បាល់ទាត់​វិសាខា បាន​បង្ហោះ​សារ​​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​នេះ​ថា៖«តាង​នាម​ថ្នាក់​ដឹកនាំ នៃក្លិបកីឡាបាល់ទាត់ វិសាខា ពិត​ជា​មាន​សេចក្ដី​​សោ​មនស្ស​រីក​រាយក្រៃលែង ដែល​សហព័ន្ធ​កីឡា​បាល់​ទាត់​អាស៊ី​អា​គ្នេយ៍​(AFF) និង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា(FFC) បាន​ជ្រើស​រើស​កីឡ​ដ្ឋានព្រីនស៍ របស់យើង រៀបចំ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល ​នៃ​ពាន​រង្វាន់ AFF U23 Championship 2022 ដែល​ទើប​បញ្ចប់​ការប្រ​កួត​ជម្រុះ​តាមពូល កាល​ពីថ្មីៗ»។

ក្លិប​​បាន​ចាត់ទុក​ថា​នេះគឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់កីឡដ្ឋានព្រីនស៍ ពិសេស​ក្រុម​ការងារ​របស់​ក្លិប​ ដែល​បានទទួល​ស្វា​គមន៍​ការប្រកួត​អន្ដរ​ជាតិ​លើកដំបូង និង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ដ៏ល្អ​ៗ​ជាច្រើន សម្រាប់​ត្រៀម​រៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិជាបន្ដបន្ទាប់ទៀត។

«ទន្ទឹមជាមួយគ្នា យើងក៏សូមថ្លែងអំណរគុណ ដល់ក្រុមជម្រើស​ជាតិ​យុវ​ជន​អាយុក្រោម ២៣ឆ្នាំ​ទាំងអស់ រួម​ទាំងអ្នកគាំទ្រផងដែរ ដែល​បាន​សហ​ការយ៉ាងល្អ អំឡុង​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ព្រីនស៍ របស់​យើង ដែល​ជំរុញ​ឲ្យការប្រកួតដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ»។ សំណេរ​របស់​បន្ថែម​របស់​ក្លិប។

សម្រាប់​លទ្ធផល​នៃ​ប្រកួតចំនួន ៥ប្រកួត ក្នុងយុទ្ធនាការប្រកួតជម្រុះតាមពូល នៃពានរង្វាន់ AFF U23 Championship 2022 នៅ​កីឡដ្ឋាន​ព្រីនស៍ មាន៖
-ពូល A ហ្វីលីពីន ២-១ ប្រ៊ុយណេ
-ពូល B ឡាវ ២-១ ម៉ាឡេស៊ី
-ពូល C ថៃ ៣-១ សិង្ហបុរី
-ពូល Cសិង្ហបុរី ០-៧ វៀតណាម
-ពូល វៀតណាម ១-០ ថៃ

Telegram-Troryorng
Share.