ថៃ – កន្លង​ទៅ​ជិត​៨​ម៉ោង​ហើយ​ ដែល​អាជ្ញាធរ​ថៃ​បាន​ប្រមូល​ផ្ដុំ​កម្លាំង​គ្នា​ដើម្បី​ស្វែង​រក​តារាស​ម្ដែង​ល្បី​នាង​ Tangmo ​ក្រោយ​ជួប​ហេតុការណ៍​អាក្រក់​ ធ្លាក់​ពី​លើ​អូប័រ​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជាង​១០​យប់​ ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ឆ្នាំ​ ២០២២ ប៉ុន្តែ​ឈាន​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ នេះ​ នៅ​តែ​មិន​ទាន់​រក​ឃើញ​ថា​នៅ​រស់​ឬ​ប្រទះ​សាកសព​នៅ​ឡើយ​។

បើ​តាម​ការ​រៀបរាប់​ពី​មិត្ត​របស់​តារា​ស្រី​រូប​នេះ​បាន​ប្រាប់​មក​កាន់​​ក្រុម​​សង្គ្រោះ​បាន​ឱ្យ​ដឹង​ថា​ក្រុម​របស់​ខ្លួន​មាន​​គ្នា​សរុប ​៦​នាក់​ ប្រុស​៣​ស្រី​៣​ ក្នុង​នោះ​រួម​ទាំង​ Tangmo ម្នាក់​ផង​នោះ​ បាន​នាំ​គ្នា​មក​ជិះ​អូប័រ​លេង​នៅ​លើ​ទន្លេ​ចៅ​ផាយ៉ា​ ពេល​មក​ដល់​កណ្ដាល​ទន្លេ​ម្ដុំ​កំពង់​ទូក​មួយ​ម៉ោង​ប្រហែល​ជា​២២និង​៤០​នាទី​ដែល​អង្គុយ​នៅ​កន្ទុយ​អូប័រ​ស្រាប់​តែ​បាត់​ជំហ​ហើយ​ផ្ងាក​ក្រោយ​ធ្លាក់​ពី​លើ​អូប័រ​រួច​លិច​ចូល​ទៅ​ក្នុង​ទឹក​បាត់​ មិត្តភក្ដិ​បាន​បើក​ទូក​វិល​ចុះ​ឡើង​ស្វែង​រក​ព្រម​ទាំង​ស្រែក​ហៅ​តែ​រក​មិន​ឃើញ​ទើប​ប្ដឹង​ទៅ​កាន់​សមត្ថកិច្ច​ដែល​មាន​ក្រុម​អ្នក​ជ្រមុជ​ទឹក​មក​ជួយ​រក​គ្នា​នៅ​វេលា​ម៉ោង​ប្រមាណ​១១​យប់​។

យោង​តាម​ការផ្សាយ​ពី​សារព័ត៌មាន​ថៃ​ Komchadleuk បាន​ឱ្យ​ដឹង​ថា​រយៈ​ពេល​ជិត​៨​ម៉ោង​ហើយ​ ដែល​សមត្ថកិច្ច​បាន​ប្រឹងប្រែង​ស្វែង​រក​តារា​ស្រី​រូប​នេះ​ ប៉ុន្តែ​នៅ​មិន​ទាន់​រក​ឃើញ​តម្រុយ​ណាមួយ​នៅ​ឡើយ​។ ងាក​មក​មិត្ត​ភក្ដិ​ដែល​ធ្វើ​ដំណើរ​ក្នុង​ឧប្បត្តិហេតុ​ជាមួយ​នឹង​ Tangmo ក៏​មិន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ពី​អត្ត​សញ្ញាណ​នៅ​ឡើយ​ដែរ៕​

ប្រភព​៖ Komchadleuk

Telegram-Troryorng
Share.