ពានរង្វាន់​បាល់ទាត់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 បាន​បន្ត​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​ដោយ​ក្រុម​បាល់ទាត់​វិសាខា ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) ហើយ​ក្រុម​ណាហ្គាវើល ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កងយោធពល​ខេមរភូមិន្ទ (ទ័ព) នៅ​ល្ងាច​​ថ្ងៃ​សៅរ៍ ទី១៥ ខែ​មិថុនា ឆ្នាំ​២០២១ នេះ។

*វិសាខា Vs ប៉ូលិស
ក្រុម​វិសាខា ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ព្រីនស៍ លើ​ទឹកដី​ខ័ណ្ឌ​សែនសុខ របស់​ខ្លួន​ទទួល​ក្រុម​ប៉ូលិស នៅ​វេលា​ម៉ោង​១៥:៣០នាទី​រសៀល ព្រម​ទាំង​មាន​ផ្សាយផ្ទាល់​តាម​ Page កម្ពុជាថ្មី ផង​ដែរ។

លោក Colum Curtis គ្រូ​បង្វឹក​របស់​ក្រុម​វិសាខា ទើប​តែ​ប្រកួត​បាន១ប្រកួត​ប៉ុណ្ណោះ ដែល​ស្មើ​គ្នា​០ទល់០ ជាមួយ​ក្រុម​ទ័ព ខណៈ​ប្រកួត​ផ្សេង​ទៀត​កន្លង​មក​ត្រូវ​ផ្អាក​ដោយ​សារ​ការ​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។ យ៉ាងណា​មិន​ក្រុម​នេះ​បាន​បាត់បង់​សមាជិក​ក្រុម​Charlie Machell ជនជាតិ​អង់គ្លេស ដែល​ទើប​ប្រកាស​ចែក​ផ្លូវគ្នា។ ក្រុម​នេះ​មាន​សកម្មភាព​ប្រកួត​៣លើក​នៅ​ចុង​ខែ​​នេះ មុន​ចេញ​ទៅ​ប្រកួត​ជម្រុះ​ក្នុង​ពានរង្វាន់ AFC Cup 2021 ជាមួយ​ក្រុម Lalenok United របស់​ទីម័រខាងកើត។

ដោយ​ឡែក​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ វិញ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ អ៊ុង កងយ៉ានិត ហាក់​ចាប់​ផ្ដើម​មិន​សូវ​បាន​ល្អ​នៅ​ប៉ុន្មាន​ប្រកួត​​ដំបូង ដោយ​បាន​ចាញ់​ក្រុម​​អគ្គីសនី ៣ទល់២ បន្ត​ចាញ់​ក្រុម​​អាស៊ីអឺរ៉ុប ៣ទល់២ និង​ចាញ់​អង្គរថាយហ្គឺរ ១ទល់០។ កីឡាករ Shane Booysen សញ្ជាតិ​អាហ្វ្រិកខាងត្បូង ទំនង​ជា​ជិត​ត្រឡប់​ចូល​ទីលាន​វិញ​បាន​ហើយ​ក្រោយ​មាន​បញ្ហា​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល ស្រប​ពេល​កន្លង​មក​រូប​គេ​ធ្លាប់​រក​បាន​គ្រាប់​បាល់២គ្រាប់​ឱ្យ​ក្រុម។

*ណាហ្គាវើល Vs ទ័ព
ក្រុម​ណាហ្គាវើល ត្រូវ​ជួប​ក្រុម​កងយោធពលខេមរភូមិន្ទ នៅ​វេលា​ម៉ោង​១៥:៣០នាទី​ដំណាល​គ្នា​​លើ​ទីលាន​​កីឡដ្ឋាន​ AEU Sport Park ព្រម​ទាំង​មាន​ផ្សាយផ្ទាល់​​តាម​ប៉ុស្តិ៍ BTV News។


ឆ្លងកាត់​៣ប្រកួត​កន្លង​មក​នេះ​ក្រុម​ណាហ្គាវើល រក​បាន​ជ័យជម្នះ​២លើក​និង​បរាជ័យ១លើក មាន​៦ពិន្ទុ​ក្នុង​ដៃ។ លោក មាស ចាន់ណា ជា​បេក្ខភាព​​ធ្វើ​ព្យុះធ្វើភ្លៀង​ខ្លាំង​នៅ​រដូវកាក​នេះ​ ក្រោយ​នាំ​យក​កីឡាករ​សំខាន់ៗ​ទាំង​ខ្មែរ​និង​បរទេស។ យ៉ាងណាក្តី​កីឡាករខ្មែរ-បារាំង បាន​ចាកចេញ​​ពី​ក្រុម​ទាំង​​កណ្ដាល​ទី ដោយ​អះអាង​ថា​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង វិញ​ដោះស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន។

ចំពោះ​ក្រុម​ទ័ព វិញ​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ៤​ក្នុង​តារាង​​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​កន្លង​មក​រក​បាន​ជ័យជម្នះ ២លក​ ស្មើ​១លើក​និង​ចាញ់១​លើក​មាន​៧ពិន្ទុ។ លោក ហោ សុខហេង ជា​គ្រូ​បង្វឹក​ថ្មី​​របស់​ទ័ព​នៅ​រដូវកាល​នេះ​ដែល​កន្លង​មក​លោក​ជា​គ្រូ​ជំនួយ។ កីឡាករ ណារ៉ុង កក្កដា និង​កីឡាករ​នីហ្សេរីយ៉ា Dzama Bata ធ្លាប់​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​បាន​ម្នាក់២គ្រាប់ កន្លង​មក​ផង​ដែរ។

ពានរង្វាន់​លីគ​កំពូល​កម្ពុជា មាន​សមាជិក​ចំនួន១៣ក្រុម ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​តុលា ខាង​មុខ។ ក្រុម​ជើង​ឯក​នឹង​ទទួល​បាន​ពានរង្វាន់ ព្រម​ទាំង​ទទួល​បាន​សិទ្ធិ​ស្វ័យប្រវត្តិ​​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2022៕

Share.