យោង​តាម​ការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១ ខែ​មីនា ឆ្នាំ​២០២២ នេះ​ ស្ដី​ពី​ការ​លុប​ចោល​វគ្គ​ជម្រុះ​ក្នុង​ពានរង្វាន់ AFC Cup 2022 ក្នុ​ង​តំបន់​អាស៊ាន បន្ទាប់ពីក្លិបចំនួន២ មកពីប្រទេសមីយ៉ាន់ម៉ា គឺ Hantharwady United FC និង Shan United FC បានប្រកាសដកខ្លួនចេញពីការប្រកួតពានរង្វាន់កម្រិតទ្វីបទាំង២ AFC Champions League និង AFC Cup 2022។

ដូច្នេះក្លិបបាល់ទាត់ វិសាខា និង Young Elephants FC របស់ប្រទេសឡាវ ឡើងដោយស្វ័យប្រវត្តិទៅបំពេញកៅអីចំនួន២ដែលនៅសល់។ ដោយវិសាខា​ របស់​កម្ពុជា អាចនឹងចូលពូល G ជាមួយ Bali United របស់​ឥណ្ឌូណេស៊ី, Kaya FC របស់​ហ្វីលីពីន និង Kedah Darul FC របស់​ម៉ាឡេស៊ី ខណ: Young Elephants អាចនឹងចូលពូល I ជាមួយភ្នំពេញក្រោន របស់​កម្ពុជា , Viettel របស់​វៀតណាមនិង Hougang United របស់​សិង្ហបុរី។

មូលហេតុដោយសារតែច្បាប់របស់ AFC Cup និង​ AFC Champions League មិនអនុញ្ញាតឲ្យក្លិបដែលមកពីប្រទេសដូចគ្នា ស្ថិតនៅក្នុងពូលតែមួយឡើយ (ឧ. វិសាខា និងភ្នំពេញក្រោន មិនអាចស្ថិតក្នុងពូលតែមួយ ដោយសារតែមកពីប្រទេសកម្ពុជាដូចគ្នា)៕

Telegram-Troryorng
Share.