រឿងអន្ដរាយគ្រួសារ របស់ព្រះតេជគុណ ឌួង ឆាយ គឺជាការរៀបចំគម្រោងដោយឪពុកបង្កើត គឺលោកឧកញ៉ា ឌួង ងៀប។ នេះជាការលើកឡើងរបស់ លោកជំទាវ ខុង លីស៊ីអាណា ត្រូវជាភរិយារបស់លោកឧកញ៉ា ឌួង ងៀប ដែលបានប្រាប់សារព័ត៌មានកាលពីថ្ងៃទី១៤ ខែឧសភា ម្សិលមិញនេះ។

ហេតុផល នៃការធ្វើឲ្យគ្រួសាររបស់ ឌួង ឆាយ បែកបាក់ និងការឈានទៅដល់ ឌួង ឆាយ ស្ទើរតែអស់ពីខ្លួន ដោយសារតែ ឪពុកបង្កើត ខឹងកូនប្រុស (ឌួង ឆាយ) នៅពីក្រោយការជួយជ្រោមជ្រែងរកមេធាវី ការពារឲ្យម្ដាយ ប្ដឹងខ្លួន ដែលទាក់ទងនឹងបណ្ដឹងលែងលះ។ នេះជាការបញ្ជាក់បន្ថែម ពីលោកជំទាវ ខុង លីស៊ីណា ដែលប្រាប់សន្និសីទសារព័ត៌មាន នៅភូមិគ្រឹះស្ថិតនៅផ្លូវ២០០៤កែងនិងផ្លូវ បេតុង ឧកញ៉ាឌួង ងៀប ស្ថិតក្នុងភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

លោកជំទាវ ខុង លីស៊ីណា បានឲ្យដឹងថា លោកជំទាវ និងស្វាមី ត្រៀមឡើងតុលាការ នៅថ្ងៃទី ១៩ ឧសភា ខាងមុខនេះ លើបណ្ដឹងលែងលះ ផ្ដើមចេញពីស្វាមី មានស្រីកំណាន់ខាងក្រៅ អស់រយៈពេលជាង១០ឆ្នាំមកហើយ។ ទន្ទឹមនឹងការមានស្រី បានយកទ្រព្យសម្បត្តិក្នុងផ្ទះ ទៅសង់វីឡាធំៗចំនួន២ ឲ្យស្រីកំណាន់ ខណៈធ្វើឲ្យគ្រួសារមានទុក្ខលំបាក ឈានដល់ជំពាក់ធនាគាររាប់លានដុល្លារ។ 

ការលួចមានស្រីកំណាន់ ខណៈចំណងអាពាហ៍ពិពាហ៍ នៅមិនទាន់ដាច់ស្រាច់ លោកជំទាវ ខុង លីស៊ីណា បានឲ្យដឹងថា កូន ប្រុសឌួងឆាយ បានជួយរកមេធាវីឲ្យដើម្បីជួយតក្ដី រឿងបណ្ដឹងលែងលះ ដើម្បីប្តឹងរក្សាការពារទាមទារយកវីឡានោះមកវិញ បែរជាត្រូវប្តីរបស់គាត់ ដែលជាឪពុករបស់ឌួង ឆាយ បានប្រើវិធីញុះញង់រៀបគម្រោងជួយឲ្យប្រពន្ធរបស់ ឌួង ឆាយ គឺអ្នកនាង ដេត ម៉ាលីណា លែងលះជាមួយកូនប្រុសខ្លួនឯងទាំងចៅនៅតូចៗហើយ ឌួង ឆាយ ត្រូវបានបាត់បង់កិត្តិយសទាំងស្រុងផងដែរ ។ 

ដោយហេតុដូចបានរៀបរាប់ខាងលើនេះ ទើបលោកជំទាវនិងកូនប្រុសស្រី បានស្នើសុំឲ្យ សម្តេចតេជោនាយករដ្ឋមន្រ្តីមេត្តាជួយរកយុត្តិធម៌ជូនរូបគាត់និងកូនប្រុស ឌួង ឆាយផងដែរ ជាពិសេសនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រូបគាត់ត្រូវបានចូលខ្លួនទៅលែងលះជាមួយប្តី នៅតុលាការ តាមការទាមទាររបស់លោកប្តី ។

ទន្ទឹមនឹងនេះ លោកជំទាវក៏បានលើកឡើងផងដែរថា ក្នុងកាលៈទេសៈនេះរូបគាត់មិនគួរ លើកយករឿងរ៉ាវគ្រួសាររបស់គាត់មកលាតត្រដាងសុំឲ្យសម្តេចតេជោជួយរកយុត្តិធម៌ឲ្យទាំងប្រទេសជាតិកំពុងតែមានវិបត្តិកូវីត១៩ ប៉ុន្តែរូបគាត់និងកូនៗមិនមានអីរំពឹងទៀតទេក្រៅពីសុំឲ្យសម្តេចជួយទាមទារភាពស្អាតស្អំរបស់កូនប្រុស ឌួង ឆាយ និងសុំឲ្យប្តីរបស់ គាត់មកដោះស្រាយជាមួយប្រពន្ធនិងកូនផង ៕

Share.