ក្រុម​បាល់ទាត់​ភ្នំពេញក្រោន បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទាត់ Cambodian Super Cup 2022 ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Cambodian Premier League ក្រោយ​យក​ឈ្នះ​លើ​ក្រុម​វិសាខា ដោយ​លទ្ធផល ២ទល់១ លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ នៅ​រាត្រី​ថ្ងៃ​អង្គារ ទី​១ ខែ​មីនា ឆ្នាំ​២០២២ នេះ។

ការ​ប្រកួត​ដែល​កាត់​សេចក្ដី​ដោយ​លោក​អាជ្ញាកណ្ដាល ឃិន ឧសីហា ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ប្រមាណ​ជាង​១ពាន់នាក់​លើ​​ទីលាន​ ក្រុម​ភ្នំពេញក្រោន រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន Fareed Sadat ២គ្រាប់​ម្នាក់​ឯង ខណៈ​កីឡាករ កែវ សុខផេង រក​គ្រាប់​បាល់​វាយ​បក​ឱ្យ​វិសាខា បាន​១គ្រាប់​វិញ។

ពានរង្វាន់​បើក​រដូវកាល​ថ្មី​ Cambodia Super Cup 2022 មាន​ក្រុម​ចូលរួម​តែ​២ប៉ុណ្ណោះ គឺ​ភ្នំពេញក្រោន ជា​ក្រុម​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០២១ និង​ក្រុម​វិសាខា ជា​​ម្ចាស់​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២១៕

រូបភាព៖ CambodianPremierLeague

Telegram-Troryorng
Share.