ក្រោយមានការខ្នះខ្នែងពីមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ស្នើសុំឱ្យមានការដោះលែងកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំ យុវតីជាពិធីការិនីរូបនេះត្រូវបានដោះលែង ឱ្យមានសេរីភាពកាលពីថ្ងៃទី ១៣ ខែឧសភា បន្ទាប់ពីត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន និង មានសេរីភាពឡើងវិញបន្ទាប់ពីជាប់ឃុំដោយបទចោទប្រកាន់ «លួចមានស្ថានទម្ងន់ទោស» (លួចទូរស័ព្ទនិងប្រើហិង្សា) ។
សូមចុចត្រង់នេះ៖ ថ្ងៃនេះកញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំ!

នៅក្នុងឃ្លីបវីដេអូដែលមានរយៈពេល ៣៧ វិនាទីពិធីការិនីរូបនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់មេធាវីឱ្យជួយរកយុត្តិធម៌ដល់រូបនាង ដោយមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
«នាងខ្ញុំឈ្មោះ មាន ពេជ្ររីតា មានអាយុ ២០ឆ្នាំ ពេលនេះតុលាការដោះលែងនាងខ្ញុំឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នាងខ្ញុំសូមគោរពអរគុណចំពោះសម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានឱ្យមេធាវីស្ម័គ្រចិត្តមកការពាររឿងក្ដីរបស់នាងខ្ញុំនិងរកយុត្តិធម៌ឱ្យនាងខ្ញុំវិញ។ នាងខ្ញុំសូមអរគុណ នាងខ្ញុំនិងក្រុមគ្រួសារសូមជូនពរឱ្យសម្ដេចទាំងទ្វេរជួបនូវតែសេចក្ដីសុខ សេចក្ដីចម្រើន និងបន្តជាម្លប់ដ៏ត្រជាក់ត្រជុំដល់នាងខ្ញុំនិងក្រុមគ្រួសារ ហើយនាងខ្ញុំនិងក្រុមគ្រួសារនឹងបន្តគាំទ្រសម្ដេចទាំងទ្វេអស់មួយជីវិត»៕
