មីយ៉ាន់ម៉ា – នៅ​ថ្ងៃ​ទី​២ ខែ​មីនា​ ឆ្នាំ​២០២២ នេះ​ សារព័ត៌មាន​ BBC មីយ៉ាន់ម៉ា​ និង​សារព័ត៌មាន​ធំៗ​របស់​ថៃ​បាន​ចេញ​ផ្សាយ​ថា​តារា​សម្ដែង​និង​តារា​ម៉ូដែល​ដ៏​ល្បី​របស់​ប្រទេស​មីយ៉ាន់ម៉ា​ Paing Takhon ត្រូវ​​បាន​អាជ្ញាធរ​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ឡើងវិញហើយ​។​

សូមចុច​អាន​ – ប្រុស​ស្អាត​ Paing Takhon តារា​សម្ដែង​ល្បី​ប្រចាំ​មីយ៉ាន់​ម៉ា​ ​ជាប់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ…

យោង​តាម​ការ​ផ្សព្វផ្សាយ​ពី​ BBC news របស់​មីយ៉ាន់ម៉ា​ និង​ Gossipstar របស់​ថៃ​បាន​​ឱ្យ​ដឹង​ថា​មិន​ត្រឹម​តែ​បុរស​សង្ហា​ម្នាក់​នេះ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ​ ក្នុង​នោះ​សិល្បករ​ចំនួន​៦​នាក់​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​ដោះ​លែង​​ដូច​គ្នា​ដែរ​។

ដំណឹង​ដ៏​រីករាយ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​តារា​រូប​នេះ​សប្បាយ​និង​រំភើប​គ្រប់​ៗ​គ្នា​ ជា​ពិសេស​ក្រុម​អ្នក​​គាំទ្រ​​​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ បាន​ចេញ​​មក​ផុស​អបអរ​សាទរ​ចំពោះ​សេរីភាព​របស់​តារា​រូប​នេះ​។

Paing Takhon គឺ​ជា​​តារា​ម៉ូដែល​និង​តារា​សម្ដែង​ ដែល​សកម្ម​ខ្លាំង​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ភូមា​ លោក​បាន​លះបង់​កម្លាំងកាយ​​និង​កម្លាំង​ចិត្ត​ដើម្បី​បុព្វហេតុ​ជាតិ​ ដោយ​មើល​ឃើញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​នេះ​ សាធារណជន​ទាំង​ក្នុង​និង​ក្រៅ​ បាន​កោត​សរសើរ​ចំពោះ​វីរភាព​ស្នេហា​ជាតិ​មាតុភូមិ​ ​និង​ជួយ​បួងសួង​ឱ្យ​រូប​លោក​ឆាប់​បាន​ចេញ​ពី​ពន្ធនាគារ​។

ទីបំផុត​ការ​ប៉ងប្រាថ្នារបស់​មហាជន​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​ ខណៈ​នេះ​លោក​និង​តារាទាំង​៦​នាក់​ផ្សេង​ទៀត​បាន​វិល​ទៅ​កាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​ហើយ​៕

ប្រភព៖ Gossipstar, BBCBurmese

Share.