រថយន្តដឹកទំនិញ១គ្រឿងពេលបើកចុះចំណោតតាតៃតាមបណ្តោយផ្លូវជាតិលេខ៤៨ក្នុងល្បឿនលឿនបានរេចង្កូតក្រឡាប់បង្កឱ្យអ្នកបើកបររបួសធ្ងន់ និងត្រូវបានបញ្ចូនសង្រ្គោះនៅមន្ទីរពេទ្យខេត្តកោះកុងភ្លាមៗ។

សមត្ថកិច្ចនគរបាល ឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែឧសភា ២០២១ ចំណុចគីឡូម៉ែត្រលេខ១២៨-១២៩ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។

បើតាមសមត្ថកិច្ច រថយន្តម៉ាកពុយសូ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 3A-0845នេះ បើកបរដោយឈ្មោះចន តារ៉ា អាយុ៤០ឆ្នាំ រស់នៅភូមិសំរោងបាក់ ឃុំមហាសាំងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មុនជួបគ្រោះថ្នាក់ បុរសរងគ្រោះបានបើកបរល្បឿនលឿនរេចង្កូតក្រឡាប់លើទ្រូងផ្លូវទិសដៅពីភ្នំពេញទៅក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង ដឹកអីវ៉ាន់ចាប់ហួយ និងគ្រឿងសំណង់។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវលេខជាតិ៤៨ចាប់ពីភូមិសាស្រ្តស្រុកស្រែអំបិលរហូតមកដល់ក្រុងខេមរភូមិន្ទ ភាគច្រើនបង្កឡើងដោយម្ចាស់រថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន ដោយបើកបរហួសលឿនកំណត់ ដឹកទំនិញលើសទំងន់ និងការវ៉ាជែងគ្នាក្នុងស្ថានភាពផ្លូវកោងចុះចំណោតជាដើម៕

អត្ថបទ៖សិទ្ធី

កែសម្រួល៖សំ នឿន

Share.