ក្រោយមើលឃើញពីហានិភ័យនៃការបាត់បង់ព្រៃឈើ និងដីធ្លីនៅតំបន់ការពារធម្មជាតិ   អាជ្ញាធរខេត្តកោះកុង ស្រុកថ្មបាំង សហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធបានយកកូនឈើជាង២០០ដើមទៅដាំស្តារកូនឈើឡើងវិញនៅចំណុចកោះខ្យ៉ាង។

សកម្មភាពដាំស្តារព្រៃឡើងវិញ ធ្វើឡើងចំថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរផង និងជាសារក្រើនរម្លឹកដល់ពលរដ្ឋ និងសាធារណជនចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ផង។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង លើកឡើងដែរថា ការដាំស្តារកូនព្រៃឈើ២១០ដើម នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំនាពេលនេះ ជាសារមួយផ្ញើដល់ពលរដ្ឋ រួមគ្នាការពារនិងបញ្ឈប់ការរុករានយកដីព្រៃធម្មជាតិបន្តទៅទៀត ពីព្រោះថាព្រៃឈើផ្តល់អត្តប្រយោជន៍យ៉ាងសំបូរបែបដល់មនុស្សលោក ហើយក៏ត្រូវឱ្យមនុស្សការពារព្រៃឈើវិញ។ប៉ុន្តែយើងបំផ្លាញព្រៃឈើ ទៅអនាគតព្រៃឈើក៏នឹងបំផ្លាញដល់មនុស្សលោកដែរ។

លោកជំទាវអភិបាលខេត្ត បញ្ជាក់ថា រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានវាស់វែងធ្វើទិន្នន័យជាក់លាក់រួចរាល់ពីតំបន់អភិរក្សការពារដែលប្រជាពលរដ្ឋរស់នៅអាស្រ័យផលជាក់ស្តែង ដើម្បីកាត់ឆ្វៀលជូនពលរដ្ឋ។ ដូច្នេះសុំចិត្តបងប្អូនពលរដ្ឋមួយចំនួនតូចកុំបន្តកាប់ទន្រ្ទានព្រៃឈើខុសច្បាប់។

តាមរបាយការណ៍លោក ហ៊ុន ម៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បង្ហាញថា ការដាំស្តារព្រៃឡើងវិញនេះធ្វើឡើងលើផ្ទៃដី២ហិចតានៃទំហំផ្ទៃដីរងផលប៉ះពាល់សរុបជាង២០ហិចតាក្នុងតំបន់ការពារអភិរក្ស។

 កូនឈើដាំស្តារឡើងវិញលើផ្ទៃទំហំជាង២ហិចតានេះរួមមាន កូនក្រញូង កកោះ ដួងថែម និងស្តៅព្រៃជាដើម៕

អត្តបទ៖ សិទ្ធី

កែសម្រួល៖សំ នឿន

Share.