ភ្នំពេញ៖មាននារីពីរនាក់ ជិះរថយន្តហាយឡិនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BF-3583 បើកបរលើស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចមកកើត។ លុះមកដល់ចំណុចរង្វង់មូល ព្រហ្មមុខបួន ក៏រេចង្កូតទៅបុកខឿនរង្វង់មូល បណ្ដាលអោយរងការខូចខាត។

ក្រោយកើតហេតុនារីរូបនោះមិនបាន ឈប់ដោះស្រាយ ជាមួយសមត្ថកិច្ចទេ ដោយព្យាយាម បើករត់ គេច តាមបណ្ដោយផ្លូវជាតិលេខ 6 អា  បណ្ដាលឱ្យកៀរសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាត បន្ថែម ទៀត ទើបត្រូវបានសមត្ថកិច្ចឃាត់រថយន្ដបាន។ ចំណែកឯរថយន្តរងការខូចខាត ផ្នែកខាង មុខយ៉ាងដំណំ។ តែជាសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 12:20 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 5 ខែមីនា ឆ្នាំ 2022 ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះដល់ទីតាំងកន្លែង កើតហេតុស្ទូចរថយន្តយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត

Share.