កោះកុង​ ៖​ លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង ថ្លែងក្នុងពិធីដាំកូនឈើជាង២០០ដើម កាលពីថ្ងៃទី១៤ ខែឧសភាថា ដីធ្លីតំបន់ការពារជាង២០ហិចតា បានរងផលប៉ះពាល់អំឡុងខែមេសា។ កន្លងទៅមានប្រជាពលរដ្ឋខិលខូចលួចទន្រ្ទានធ្វើកម្មសិទ្ធិដោយបំពានច្បាប់។ អាជ្ញាធរដែនដីរូបនេះបន្តថា​ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីបរិស្ថានបង្រ្កាបទប់ស្កាត់បានជាបន្តបន្ទាប់។

លោកអភិបាលស្រុកថ្មបាំង អះអាងទៀតថា ក្រុមពលរដ្ឋដែលជាជនសង្ស័យទាំងនោះ សុទ្ធតែមានដីធ្លីប្រើប្រាស់គ្រប់គ្រាន់ហើយ តែដោយភាពលោភលន់ហួសប្រមាណបន្តទន្រ្ទានដីរដ្ឋ និងដីការពារយ៉ាងអនាធិបតេ្យទុកលក់ឱ្យឈ្នួញកណ្តាល។ កន្លងទៅ អាជ្ញាធរស្រុក ព្រមទាំងមន្រ្តីបរិស្ថាន ធ្លាប់ឃាត់ខ្លួនមនុស្សភ្លាមៗ ដោយបញ្ចូនទៅតុលាការ ក្រោយពេលធ្វើសកម្មភាពទន្រ្ទានកាប់ព្រៃយកដីការពារ។

ជុំវិញបញ្ហានេះ​ បើតាមរបាយការណ៍ក្នុងពិធីដាំកូនឈើរបស់ លោក ហ៊ុន ម៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តបង្ហាញថា​ ក្នុងចំណោមទំហំផ្ទៃដីសរុបរងផលប៉ះពាល់ជាង២០ហិចតា ស្ថិតនៅតំបន់ការពារអភិរក្ស។

ប្រធានមន្ទីរបរិស្ថានខេត្ត អះអាងថា ក្រោយដាំស្តារព្រៃនៅចំណុចខាងលើ លោកសហការជាមួយរដ្ឋបាលស្រុកថ្មបាំង ក្រុមមន្រ្តីបរិស្ថាន និងអង្កការវ៉ាយអេត ដាក់វេនគ្នាឃ្លាំមើលបន្តដើម្បីការពារកូនឈើទើបដាំហើយ ប្រការខ្លាចក្រែងមានពលរដ្ឋខិលខូចលួចដកចេញ៕

អត្ថបទ​ ៖​ សិទ្ធី
កែសម្រួល​ ៖​ ប៊ិន​ ប៊ុណ្ណា

Share.